តាកែវៈ ជនជាតិចិន២នាក់ ត្រូវកម្លាំងនគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងពិសេសរបស់ស្នងការនគរបាលខេត្តតាកែវ ស្ទាក់ចាប់បាន បន្ទាប់ពីជនជាតិទាំងពីរនាក់នោះ បានធ្វើសកម្មភាពយកកាំបិតភ្ជុងប្លន់រថយន្តឈ្នួល ដែលជួលជិះតាំងពីពោធិ៍ចិនតុង មកតាមផ្លូវជាតិលេខ៣ ឆ្ពោះមកខេត្តតាកែវ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនបាន នៅយប់ថ្ងៃដដែលវេលាម៉ោង៨និង១០នាទី នៅចំណុចមុខផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
មន្ត្រីប៉ូលិស ប្រាប់ថា ជនជាតិចិនទាំងពីរនាក់នោះ បានជួលរថយន្ត Lexus RX300 ពាក់ស្លាកលេខ ភ្នំពេញ 2P-8959 ពណ៌ទឹកប្រាក់ ពីពោធិ៍ចិនតុង ជិះរហូតមកដល់វត្តស្លែង បានធ្វើសកម្មភាពយកកំបិតភ្ជុងជនរងគ្រោះ គម្រាមប្លន់រថយន្ត ខណៈដែលជនរងគ្រោះកំពុងតែបើកបររថយន្ត លុះជិះរហូតមកដល់ទឹកដីស្រុកបាទី នៅចំណុចផ្សារគុម្ពឬស្សី ឃុំតាំងដូង អ្នកបើកបរជាម្ចាស់រថយន្តក៏បានប្រើល្បិច ធ្វើជាចង់បត់ជើងធំ រួចក៏បានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ តែត្រូវបានជនជាតិចិននោះ ចាក់ឲ្យរងរបួសបន្ទាប់មកជនសង្ស័យបានបើករថយន្ត ពីរនាក់ជនជាតិចិនស្រីម្នាក់ទៀត បន្តមកខាងមុខ រហូតនៅលើផ្លូវជាតិលេខ៣ ឆ្ពោះមកដល់ចំណុចស្រុកត្រាំកក់ ស្ពានស្លាគូរ ជនជាតិចិននោះ បានបើកបុកប៉ារ៉ាសស្ទាក់ចាប់របស់ប៉ូលិស លុះបើកបរបន្តមកដល់ខាងមុខផ្សារអង្គតាសោម ក៏ត្រូវបានកម្លាំងប៉ូលិស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងប៉ូលិសត្រាំកក់ស្ទាក់ចាប់ជាប់ និងឃាត់ខ្លួនបានតែម្តង៕