(ស្វាយរៀង): នៅថ្ងៃសៅរ៍១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩
ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ជាអតីតមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងមានការចូលរួមពីគណៈប្រតិភូនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមតំណាងរាស្ត្រខេត្តព្រៃវែង លោកកស្នងការ ស្នងការរង នាយការិយាល័យ អធិការ លោកនាយប៉ុស្ត៍រដ្ឋបាលទូទាំងខេត្ត និងនិវត្តន៍ជន ជនពិការនិងជនបាត់បងសមត្ថភាពការងារ នៃស្នងការនគរបាលខេត្តស្វាយរៀង ។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងថា: អតីតយុទ្ធជននគរបាលជាតិបានរួមចំណែក យ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយមន្រ្តីនគរបាលបច្ចុប្បន្នគប្បីយកគំរូតាមពួកគាត់ដែលជាបុគ្គលមានបទ ពិសោធន៍ច្រើនក្នុងកិច្ចការងារនគរបាលនេះ ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តទៀតថា នគរបាលកម្ពុជាបានបង្កើតឡើងអស់រយៈពេល៧៤ឆ្នាំមកហើយ(១៦ឧសភា ១៩៤៥-១៦ឧសភា២០១៩) ហើយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ គឺជាការរួមចំណែកយ៉ាងខ្លាំងពីបងប្អូន ដែលជាអតីតមន្រ្តីនគរបាល ដូច្នេះមន្រ្តីនគរបាលទាំងអស់គ្នាត្រូវទទួលយកការអប់រំពីពួកគាត់លើកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការថែរក្សាសន្តិភាពជូនប្រជាជន និងប្រទេសជាតិ ៕ ដោយ:ស្វាយរៀង