header ads

Sponsor

កំពង់ធំៈ សេចក្ដីរាយការណ៍ពីខេត្តកំពង់ធំ បានអោយដឹងថា មានប្ដីប្រពន្ធ និងកូនតូចបីនាក់ត្រូវបានរន្ទះបាញ់មួយគ្រាប់សម្លាប់ជីវិតពួកគាត់យ៉ាងអណោចអាធ័មបំផុត ខណៈពួគេទៅចម្ការដាំដំឡូង។

ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែហេតុការណ៍នេះ ទើបតែភ្ញាក់ផ្អើលនៅថ្ងៃទី២៥ ឧសភា ដោយសារតែសាច់ញាតិតាមរកឃើញសាកសពនៅក្នុងចម្ការដំឡូង នៅក្នុងតំបន់ក្រានដែក ភូមិដាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

អាជ្ញាធរស្រុកសណ្ដាន់ បានអោយដឹងថា ជនរងគ្រោះដែលស្លាប់ជាប្តីឈ្មោះ ខូយ ឡែន អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ជា ហ៊ន អាយុ២៧ឆ្នាំ។ ចំណែកកូនប្រុសអាយុ៣ឆ្នាំ ឈ្មោះ ឡេង ឆេងលី ក៏ត្រូវស្លាប់ក្នុងហេតុការណ៍នេះដែរ។

ពាក់ព័ន្ធនិងគ្រោះធម្មជាតិរន្ទះបាញ់នេះ បើតាមលោកស្រី ប៊ិន ម៉ៃ ត្រូវជាសាច់ញាតិរបស់ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧ ប្អូនៗរបស់ខ្លួនឈ្មោះ ខូយ ឡែន ប្រពន្ធនិងកូន បាននាំគ្នាទៅដាំដំឡូងបង្ហើយនៅឯចម្ការស្ថិតក្នុងតំបន់ក្រានដែក ដែលជាទីកន្លែងកើតហេតុ។

អ្នកស្រី ប៊ិន ម៉ៃ បានរៀបរាប់ទៀតថា ប្អូនៗចេញទៅចម្ការបាត់២ថ្ងៃមិនឃើញត្រឡប់មកវិញទេ ដោយគាត់នឹកស្មានថា ពួកគេដេកនៅចម្ការដំបូង។  លុះដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅតែមិនឃើញត្រឡប់មកវិញ គាត់ក៏ដើរទៅចម្ការដំឡូងដែលមានចម្ងាយប្រហែល២គីឡូពីភូមិ លុះដល់ចម្ការស្រាប់តែឃើញ ប្អូនៗ និងក្មួយ ស្លាប់អស់ទៅហើយ ។ ឃើញដូច្នោះគាត់ភ័យរន្ធត់ណាស់ ក៏ត្រឡប់មកភូមិវិញប្រាប់អ្នកភូមិអោយទៅជួយ និងរាយការណ៍ទៅសមត្ថកិច្ចអោយពិនិត្យ។

ក្រោយពីពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ថា ជនរងគ្រោះដែលស្លាប់ទាំងបីនាក់ ស្ថិតនៅក្រោមដើមស្វាយធំមួយ ទំនងជាពួកគេចូលជ្រកភ្លៀងពេលមានភ្លៀង ហើយត្រូវរន្ទះបាញ់បណ្ដាលអោយស្លាប់ទាំង៣នាក់តែម្ដង។ ជាក់ស្ដែងសពជនរងគ្រោះសុទ្ធតែខ្លោចដោយរន្ទះ និងមានធុំក្លិនស្អុយទៅហើយ ហើយហេតុការណ៍រន្ទះបាញ់នេះ អាចកើតឡើងតាំងពីថ្ងៃទី ២៤ ឧសភា មកម្ល៉េះ។

ក្រោយកើតមានបាតុភូតរន្ទះបាញ់ដូច្នេះ អាជ្ញាធរបានណែនាំអោយប្រជាពលរដ្ឋមានប្រុងប្រយ័ត្នពេលមានមេឃភ្លៀង ផ្គរ រន្ទះ សូមកុំជ្រកក្រោមដើមឈើ និងកាន់វត្ថុធាតុដែលអាចចម្លងអគ្គិសនី ហើយត្រូវចូលក្នុងផ្ទះទើបមានសុវត្ថិភាព៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post