ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច នាំយកទៅ សាកសួរ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសម្នាក់ ជិះម៉ូតូកាន់ទូរស័ព្ទបម្រុងដាក់ចូលហោប៉ៅបានសម្រេច នៅត្រង់ចំណុចក្បែរភោជនីយដ្ឋានយីហោ ស៊ីតធី ហ្គោល ផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយក៏ព្យាយាមបើករត់គេចខ្លួនទាំងភ័យស្លន់ស្លោ ទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យដួលម៉ូតូនៅត្រង់ចំណុចខាងកើតផ្សារសំណង់១២ ផ្លូវ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ហេតុការណ៍នេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២:១៥នាទីរំលងអធ្រាត្រ  ឈានចូលថ្ងៃសៅរិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យ ទី១ ឈ្មោះ ពេជ្រ សូណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ទី២ ឈ្មោះ ទូច ណារាជ ភេទប្រុស អាយុ១៧ឆ្នាំ  ជាសិស្ស ថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីម សាមគ្គី ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ  រ៉ា រីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន សំណង់ស៊ីវិល ស្នាក់នៅក្នុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីពីបុរស ដែលជាជនរងគ្រោះ បានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស័រស្មាសវី (Suzuki Smash-V) ពណ៌ស  ពាក់ស្លាកលេខបាត់ដំបង 1S-4391 ទើបតែចេញមកពីផឹកស៊ីជាមួយមិត្តភក្ដិ នៅហាងស៊ីតធី ហ្គោល បំណងត្រឡប់ទៅផ្ទះវិញ នៅឯពោធិ៍ចិនតុង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០២  ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានយកទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន អ៊ិចម៉េក (Iphone X Max) បម្រុង​ដាក់ចូលក្នុងហោប៉ៅខោ ខណៈនោះ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរី០១៩  ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HO-3378 ដោយជិះមកពីក្រោយ រួចក៏បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន។

ភ្លាមៗ នោះជនរងគ្រោះ ក៏ស្រែកចោរៗជិះដេញតាមពីរហូតទៅដល់ខាងមុខចំណុចផ្សារសំណង់១២ ក៏បណ្ដាលឲ្យជនសង្ស័យភ័យស្លន់ស្លោ បោះចោលទូរស័ព្ទដៃ ដែលធ្វើ សកម្មភាពឆក់បានពីជនរងគ្រោះ រួចក៏ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលម៉ូតូ  ហើយក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយចាប់ឃាត់បាន និងស្វាគមន៍ម្នាក់មួយដៃ មួយជើងឡើងទ្រោមខ្លួន រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរ។ ចំណែក ទូរស័ព្ទដៃ ដែលក្រុមជនសង្ស័យខាងលើ ធ្វើសកម្មភាពឆក់ពីជនរងគ្រោះបានសម្រេចហើយ  ក្នុងអំឡុងពេលជិះរត់ទាំងភ័យស្លន់ស្លោនោះ បានយកទៅបោះចោលន ហើយរកមិនឃើញ នោះទេ។

ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំយកទៅសាកសួរនាំ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលទឹកល្អក់ទី៣ កសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីវិញច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor