header ads

Sponsor

កណ្តាលៈ យុវជនម្នាក់ ទើបតែចេញពីផឹកសើ​ក្នុងក្លឹប បានបើករថយន្ត Mazda ស៊េរីទំនើប ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន  មកដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន  និងជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករ៉ឺ​ម៉កម៉ូតូ ដែលចតនៅចញ្ចើមផ្លូវ ខណៈ​ម្ចាស់កំពុង​សម្រាកពីលើ បណ្ដាលឲ្យរងរបួសធ្ងន់ ហើ​យរថយន្តវិលទៅបុករះតុកៅអីថ្ម ដែលដាក់តាំងលក់នៅក្បែរ​នោះ បណ្ដាលឲ្យខូចខាតបាក់ខ្ទេចអស់មួយចំនួនផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់អាជីវករផ្សារតាខ្មៅថ្មី​ កាលពីវេលាម៉ោង៣៖​៥០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ២ ខាងលិចផ្សារតាខ្មៅថ្មី ភូមិដើ​មមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមសម្ដីបងស្រី ដែលជាប្រពន្ធម្ចាស់រ៉ឺម៉កម៉ូតូ ដែលរបួសធ្ងន់ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្ដីគាត់បានបើករ៉ឺម៉កចតលើចញ្ចើមផ្លូវ ហើ​យក៏សម្រាកលើរ៉ឺម៉កនោះ រហូតមកដល់ម៉ោងកើ​តហេតុខាងលើ​ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Mazda ពណ៌ប្រផះ (គ្មានស្លាកលេខ) បើកបរដោយយុវជនម្នាក់ ដែលស្រវឹងស្រាខាងលើ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន  មកដល់ចំណុចផ្លូវកោងខ្លាំង  មិនបន្ថយល្បឿន  ហើ​យបួងចង្កូតមិនទាន់ទៀតនោះ ទើ​បជ្រុលមកខាងឆ្វេងទៅបុករ៉ឺម៉កម៉ូតូ បណ្ដាលឲ្យប្ដីគាត់រងរបួសធ្ងន់ ចំណែករថយន្តវិលទៅបោកផ្ទប់តុកៅអីថ្ម ដែលដាក់តាំងលក់ រងការ​ខូចខាតបាក់ខ្ទេចអស់មួយចំនួនផងដែរ។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក មិនបានរត់គេចទៅណានោះទេ ដោយយល់ព្រមទទួលខុសត្រូវ និងជួយនាំបុរសរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីសង្គ្រោះ និងដោះស្រាយថ្លៃព្យាបាលទាំងស្រុងដល់អ្នករបួសផងដែរ ដើ​ម្បីបញ្ចប់រឿងផងដែរ ចំណែកឯការខូចខាតសម្ភារៈ តុកៅអីនៅកន្លែងកើតហេតុ ជនបង្កក៏និយាយថា ព្រមសងថ្លៃខូចខាតទាំងស្រុងដល់ម្ចាស់រងគ្រោះផងដែរ៕

ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post