header ads

Sponsor

ភ្នំពេញៈ តៃកុងរថយន្តកុងតឺន័រ ដែលបានបើកបុក ហើយកិនតា និងចៅស្លាប់២នាក់ របួសម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។

តៃកុងរថយន្តកុងតឺន័រ ដែលតុលាការឃុំខ្លួននេះ មានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ ហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាជីតា។ រីឯចៅស្រីឈ្មោះ រុំ ដាណេ អាយុ៩ឆ្នាំ និងចៅម្នាក់ទៀត រងរបួសស្រាល ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ។

កាលពីវេលាម៉ោង៤និង១៥នាទី ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ បំបែកជាបួន ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរសរងគ្រោះបានជិះម៉ូតូឌុបចៅប្រុសស្រីទៅលេងឪពុកម្ដាយរបស់ពួកគេ នៅសង្កាត់រលួស ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក។ លុះត្រឡប់មកវិញ ត្រូវបានរថយន្តហ៊ីណូ បុកម៉តូតាពីក្រោយ រួចកិនស្លាប់ទាំង២នាក់ នៅនឹងកន្លែងតែម្តង។ ចំណែកចៅប្រុសតូចបានខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល។

បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី និងមិនទាន់ទទួលបានសំណងពីតំណាងរថយន្ដបង្កនៅឡើយនោះទេ ប៉ុន្ដែអ្នកបើកបររថយន្ដ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នសិន ដើម្បីសម្រេចនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post