header ads

Sponsor

សៀមរាបៈ មហាជននិយាយថា ផ្លូវជាតិសំខាន់ៗមួយចំនួនក្នុងទីរួមខេត្តសៀមរាប ហាក់រងការខូចខាតយ៉ាងដំណំ អស់ជាច្រើនឆ្នាំមកហើយ ដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធ ខាងណាមួយមានវិធានការឲ្យមានប្រសិទ្ធិភាពក្នុងការថែទាំផ្លូវទាំងនេះសោះឡើយ។

ជាមួយគ្នានោះ គេឃើញមានជញ្ជីងថ្លឹងរថយន្តដល់ទៅ២កន្លែង គឺក្នុងស្រុកពួក និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប រង់ចាំត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដឹកឆ្លងកាត់។ ប៉ុន្តែ ករណីខាងលើនេះ មហាជន ងឿងឆ្ងល់ថា ហេតុអីបានជា ជារៀងរាល់ថ្ងៃគេឃើញមានរថយន្តធន់ធំវែងៗដឹកឆ្លងកាត់ជញ្ជីងទាំង២ខាងលើយ៉ាងរំភើយ ដោយគ្មានការត្រួតពិនិត្យសោះឡើយ។ ក្នុងនោះក៏គេមិនដែលឃើញមន្ត្រីឈរជើងនៅទីនោះកាក់ទម្លាក់អីវ៉ាន់ដែលដឹកលើសទម្ងន់នោះទេ។ គេសង្ស័យថា ទង្វើបែបនេះ គឺអំពើពុករលួយ នាំឲ្យមានការឃុបឃិតគ្នាទទួលលុយសំណូកជាថ្នូរនិងការមិនបង្ក្រាប។ មន្ត្រីមួយចំនួនប្រព្រឹត្តិបែបនេះ ហើយបានជាផ្លូវជាតិសំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ដែលជាខេត្តបេះដូងទេសចរណ៍ បានរងការខួចខាតយ៉ាងដំណំ។

មហាជនបន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំនិងជាច្រើនអាណត្តិ មកហើយ ដែល ខេត្តសៀមរាប បានរីកមុខមាត់ថ្មី និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតៗជាច្រើន។ប៉ុន្តែបញ្ហាស្មុគស្មាញច្រើន ហាក់គ្មានដំណោះស្រាយសោះព្រោះតែ លូ ក៏ស្ទះ ផ្លូវក៏ខូច ពលរដ្ឋខឹងសម្បារ ផ្លូវធ្វើរួច ឃើញកាយដាក់លូ និងកាយបង្កប់ខ្សែភ្លើង។មហាជនសំណូមពរលោកទៀ សីហា អភិបាលខេត្តសៀមរាប ដែលទើបនិងឡើងកាន់ដំណែងថ្មីថ្មោង មេត្តាជួយពិនិត្យមើលរថយន្តធន់ធំៗដែលធ្វើឲ្យខូចផ្លូវ ហើយលោកអភិបាលខេត្តគួរមានវិធានការចំពោះមន្ត្រីខិលខូចខ្លះដែលប្រព្រឹត្តិអំពើពុករលួយ ផង។

ទាក់ទិនករណីខាងលើនេះដែរ លោក គឹម ប៊ុណ្ណា ប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប មិនអាចទាក់ទងសុំការពន្យល់បានទេ ដោយហៅទូរស័ព្ទទៅលោកចូលតែគ្មានអ្នកលើក។

ទោះជាយ៉ាងណាគេសង្ឃឹមថា លោកទៀ សីហា អភិបាលខេត្តសៀមរាប នឹងអាចមានវិធានការចំពោះបញ្ហាកង្វល់មហាជន ខាងលើនេះផង៕ ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post