header ads

Sponsor

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់បើ​កម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្ត PRIUS មួយគ្រឿង បើកបរដោយបុរសម្នាក់ ស្រវឹងស្រា ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ បានជ្រុលទៅបុកពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧:៣០នាទីយប់ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅលើ​ផ្លូវ៦០ម៉ែត្រហួស ក្រុមហ៊ុនលក់រថយន្តម៉ាសើដេស ប្រហែល ៥០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ សឿន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរបេះកញ្ឆែតលក់ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើត បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាក Suzuki VIVA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1C-2365 ទើ​បចេញពីកន្លែងបេះកញ្ឆែតគោលបំណងត្រឡប់ទៅផ្ទះ ដោយបានជិះម៉ូតូឆ្លងផ្លូវឡើងផ្លូវ៦០ម៉ែត្រពីត្បូងទៅជើង   លុះឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ  ពាក់ស្លាកលេខ ភ្នំពេញ 2AR-2687 បើ​កបរដោយបុរសម្នាក់ ដែលអះអាងថា ជាមន្រ្តីនគរបាល នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ ទើ​បចាប់ហ្វ្រាំងមិនទាន់  ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងតែម្ដង បណ្តាលឲ្យបុរសជាអ្នកជិះម៉ូតូ រងរបួសបែកផ្លោកនោម  ហូរឈាមសន្លប់ស្តូកស្តឹង ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត  ចំណែកម៉ូតូរងការខូចខាតខ្ទេចស្ទើរតែទាំងស្រុង។

ភ្លាមៗនោះដែរ អ្នកបើករថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករថយន្តរត់គេចចេញពីកន្លែងកើ​តហេតុ បានប្រហែល២០០ម៉ែត្រ ផ្ទុះកង់រថយន្តបើកទៅមុខលែងរួច ក៏ត្រូវបានសមត្ថកិច្ច ប្រដេញតាមមកឃាត់រថយន្ត និងអ្នកបើកបរបានហើ​យយកទៅសាកសួរ នៅអធិការដ្ឋានខណ្ឌមានជ័យតែម្តង។

សមត្ថកិច្ច ខណ្ឌមានជ័យ បានប្រាប់ថា អ្នកបើ​ករថយន្តបង្កឈ្មោះ ហឹម អូនជា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ  ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ចាក់អង្រែក្រោម និងសមត្ថកិច្ចផ្នែកវាស់វែង  នៃអធិការដ្ឋានខណ្ឌមានជ័យ  បានប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបរ នាំទៅការរិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post