Friday, May 17, 2019

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដំណឹងសន្តិសុខជាតិបន្ទាន់ និងជំរុញសមត្ថកិច្ចស្រាវជ្រាវចាត់ការតាមច្បាប់

ភ្នំពេញៈ យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានប្រកាសដំណឹងសន្តិសុខជាតិបន្ទាន់។ ជាមួយគ្នា សម្ដេចសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។

សម្ដេចតេជោ បានសរសេរក្នុងហ្វេសប៊ុករបស់សម្ដេចថា “កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ២០១៩។

ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជា ថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ី នៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ហើយត្រូវបានដាក់ចូលក្នុង Black List។

ក្នុងនាមសម្ដេច ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មាន ដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះ គឺមិនពិតទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។

សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុង និងក្រៅប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ ដែលគ្មានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ campost.news

Feature Ads