
ព្រះសីហនុៈ បុរសជាកម្មករប្រមូលសំរាមឲ្យក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ បានដេកស្លាប់នៅស្ថានីយ៍ប្រេងតូតាល់ ដោយមិនដឹងមូលហេតុ ហើយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាម២០១៩ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
បើតាមសម្ដីបងប្រុសជីដូនមួយរបស់សាកសព បានប្រាប់ភ្ញាក់ងារ Cam Post ប្រចាំខេត្តព្រះសីហនុ ឲ្យដឹងថា សាកសពយុវជនរងគ្រោះមានឈ្មោះ ង៉ែត ចន្ធូរ អាយុ៣១ឆ្នាំ មុខរបរកម្មករប្រមូលសំរាម មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
បងជីដូនមួយរូបនេះ បន្តឲ្យដឹងថា ជនរងគ្រោះធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមផ្នែកអនាម័យជាមួយគាត់។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ថ្មីៗនេះ ជនរងគ្រោះបានសុំថៅកែឈប់ធ្វើការ ហើយរហូតនៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ ១០៖៣០នាទីព្រឹក ពេលគាត់អង្គុយរង់ចាំឡានរហូតដល់ម៉ោង១រសៀលថ្ងៃដដែល ដើម្បីទៅស្រុក ស្រាប់តែគាត់ខ្យល់គរដេកស្លាប់តែម្ដង។
ភ្លាមៗនោះ ដំណឹងក៏បានឮដល់ក្រុមហ៊ុនប្រមូលសំរាម ហើយក្រុមហ៊ុនប្រមូលសំរាមក៏បានទំនាក់ទំនងឡានពេទ្យ ដើម្បីដឹកសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ស្ពឺ។ ប៉ុន្តែរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃនេះ នៅមិនទាន់មានសមត្ថកិច្ចធ្វើកោសល្យវិច័យរកមូលហេតុ ដែលបុរសរងគ្រោះស្លាប់នៅឡើយទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុនប្រមូលសំរាម បានផ្ដល់ជាកញ្ចប់ថវិកាជូនដល់គ្រួសារសពមួយចំនួនផងដែរ ប៉ុន្តែមិនដឹងចំនួនច្បាស់លាស់នោះទេ៕






