បាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារពោធិ៍វង្ស ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមមន្ត្រីអាវុធហត្ថ មនុស្ស២នាក់ ដែលត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើ មាន ទី១.ឈ្មោះ ខៀវ ពន្លឺ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងទី២.ឈ្មោះ ហៀប ង៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិដា ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ រីឯវត្ថុតាងដកហូតមានឈើចំនួន២១សន្លឹក និងរថយន្តចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើខេត្តបាត់ដំបង ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕