ភ្នំពេញៈ បុរសម្នាក់ និងស្ត្រីម្នាក់ ព្រមទាំងក្មេងតូចម្នាក់ទៀត រួមដំណើរជាមួយគ្នា ដោយជិះរថយន្ត MATERIA មួយគ្រឿង រេចង្កូតឡើងចិញ្ចើមផ្លូវ ទៅបុករះទូរផ្ទះលក់ទូរស័ព្ទ បណ្ដាលឲ្យទូរស័ព្ទដាក់តាំងជាច្រើនគ្រឿង រងការខូចខាត និងបណ្ដាលឲ្យបុរសម្នាក់ រងរបួសជើងផងដែរ។ រីឯរថយន្តបានរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោងជិត១០យប់ ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ២៩BT ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក MATERIA ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2L-2222 បើកបរដោយបុរសម្នាក់ ដោយមានស្ត្រីម្នាក់ និងក្មេងតូចម្នាក់ទៀត រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៩BT ពីលិចមកកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃ ឡើងខឿនចិញ្ចើមផ្លូវមុខរះទូកដាក់ទូរស័ព្ទ និងបុកទូរកុំព្យូទ័រ ដែលដាក់ជាប់គ្នា បណ្ដាលឲ្យសម្ភារៈទូរស័ព្ទក្នុងទូរជាង១០គ្រឿង រងការខូចខាត និងបែកកញ្ចក់ទូរអស់ ហើយនិងបណ្ដាលឲ្យបុរសជាប្ដីរងរបួស ចំណែកឯស្ត្រីប្រពន្ធបានស្ទុះរត់ចូលក្នុងផ្ទះទាន់ ទើបរថយន្តបើកទៅមុខលែងរួច ព្រោះកល់ជាប់លូ។
ភ្លាមៗនោះ ម្ចាស់រថយន្តបានចុះមកដោះស្រាយជាមួយភាគីរងគ្រោះ តែដោយនិយាយមិនត្រូវគ្នា ទើបបានទាក់ទងប្រាប់កូនប្រុសឲ្យមកជួយទទួលដោះស្រាយវិញ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកជិតខាងចោមរោមពេញកន្លែងកើតហេតុ មុនពេលរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ២ ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។
ពេលសមត្ថកិច្ចចុះមកដល់ បានឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន ដោយចំណាយពេលរហូតដល់ជិតមួយម៉ោង ព្រោះភាគីរងគ្រោះទាមទារសំណងដល់៩០០ដុល្លារ ចំណែកឯម្ចាស់រថយន្តព្រមសងតែ៥០០ដុល្លារ ទើបដោះស្រាយមិនត្រូវរ៉ូវគ្នាទេ ឈានដល់កើតមានជម្លោះពាក្យសម្ដីទៅវិញទៅមកថែមទៀតផង ទោះជាសមត្ថកិច្ចជួយសម្របសម្រួលក៏មិនត្រូវគ្នាដែរ។
ជាចុងក្រោយ ដោយសារតែភាគីខាងរថយន្តបង្កមិនចង់វែងឆ្ងាយ ទើបយល់ព្រមសង់សំណង៩០០ដុលា្លរ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕