ព្រះសីហនុៈ ប្រជាពលរដ្ឋក្រុងព្រះសីហនុ ជាពិសេសពលរដ្ឋរស់នៅសង្កាត់លេខ៤​ បានធ្វើការរិះគន់អាជ្ញាធរក្រុងព្រះសីហនុ ថា ធ្វើការគ្មានទំនួលខុសត្រូវចុងដៃចុងជើង មិនខ្វល់ពីសុខទុក្ខរបស់ប្រជារាស្ត្រ ទើបបណ្ដែតបណ្ដោយឲ្យជំនន់ទឹកភ្លៀងជន់លិចផ្លូវរាប់សិបម៉ោង ហើយបានត្រឹមនាំគ្នាឈរមើលទឹកស្រកតាមដំណើរៗ។

ជាក់ស្ដែង ក្រោយពីភ្លៀងធ្លាក់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មានទឹកដក់មួយកន្លែងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ម្ដុំផ្លូវពីសង្កាត់លេខ៤ បត់ស្ដាំទៅស្ពាន LV និងម្តុំផ្លូវបូរីសង្កាត់៤ ទៅក្រោយផ្សារលើ បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលជាធ្វើផ្លូវមិនមានប្រព័ន្ធលូរំដោះទឹកទេ ព្រោះពេលភ្លៀងមកម្ដងៗ មានទឹកដក់ជាច្រើនម៉ោងជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ ដែលជាប់ពាក់ព័ន្ធជួយសម្រួលដល់ផ្លូវនេះផង ព្រោះការដក់ទឹកជាច្រើនម៉ោងបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ការប្រកបរបររកស៊ី ការធ្វើចរាចរយានជំនិះ ជាពិសេសសោភ័ណភាពទីក្រុង ដែលសម្បូរទៅដោយភ្ញៀវទេសចរ។

ជាមួយគ្នា ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនោះ បានរិះគន់អាជ្ញាធរពេញៗមាត់ថា ធ្វើការឲ្យតែរួចពីដៃ ផ្លូវគ្មានស្តង់ដារ គ្មានប្រព័ន្ធលូរំដោះទឹកចេញច្បាស់លាស់ ទើបបង្កជាជំនន់ជន់លិចទីក្រុងបែបនេះ គ្រាន់ទុកបង្អួតភ្នែកទេសចរ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post