header ads

Sponsor

ភ្នំពេញៈ ដោយសារតែបទល្មើសកាប់ប្លន់ វាយប្លន់ ស្ទាក់ប្លន់ ធាក់ឲ្យដួលប្លន់ ភ្ជង់ប្លន់ កើតឡើងក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោ ញឹកញាប់ពេកឬយ៉ាងណា ខណៈក្រុមចោរប្លន់យកម៉ូតូបានសម្រេចក្នុងទឹកដីសង្កាត់រលួស ខណ្ឌដង្កោ បែរជាលោក ជឹម ស៊ីថា ប្រាប់ថា នៅឃុំកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលទៅវិញ។ ចំណែកឯជនរងគ្រោះជាម្ចាស់ម៉ូតូ ប្រាប់ឲ្យដឹងតាមទូរស័ព្ទថា បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយ នៅប៉ុស្តិ៍រដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

កាលពីវេលាម៉ោង១២៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងរង្វង់មូលដីក្រហម (ឬរង្វង់មូលស្ត្រីកាន់កួរស្រូវ) ប្រហែល១គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីកាប់ប្លន់ម៉ូតូមួយបានកើតឡើង ដោយបុរសម្នាក់ ខ្ចីម៉ូតូគេទៅហូបការមិត្តភក្តិ រួចបន្តចូលខារ៉ាអូខេទៀត។ លុះពេលត្រឡប់មកវិញបានពាក់កន្លែងកណ្ដាលផ្លូវ ស្រាប់តែលេចមុខក្រុមចោរប្លន់មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដាវ បាននាំគ្នាធ្វើសកម្មភាព ស្ទាក់ប្លន់យកម៉ូតូ តែជនរងគ្រោះផ្ដួលម៉ូតូកាន់សោរួច ទើបត្រូវបានក្រុមជនសង្ស័យកាប់ជាច្រើនដាវ រួចដណ្ដើមយកសោរួចជិះម៉ូតូចេញទៅបាត់ស្រមោល បន្សល់ទុកជនរងគ្រោះរងរបួសសុះខ្លួនប្រាណ តែសំណាងនៅសល់ទូរស័ព្ទទាក់ទងមកប្រាប់ម្ចាស់ម៉ូតូ ឲ្យមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យជ័យជំនះ និងរាយការណ៍ផ្សាយសំឡេងតាមវិទ្យុ ABC ផងដែរ។

ជនរងគ្រោះឈ្មោះ សិន អាយុប្រហែល៣០ឆ្នាំជាង ជាងផ្សារដែក ស្នាក់នៅការដ្ឋានម្ដុំរង្វង់មូលគួរស្រូវ មានស្រុកកំណើតនៅម្ដុំផ្សារស័ង្កសី ខេត្តកំពង់ស្ពឺ។ ចំណែកឯម៉ូតូ ដែលជនរងគ្រោះខ្ចីគេជិះ ត្រូវបានចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2052។

បើតាមសម្ដីបុរសម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង បានខ្ចីម៉ូតូរបស់ខ្លួនទៅញាំការមិត្តភក្តិ នៅម្ដុំក្បាលថ្នល់ ហើយពេលញាំការរួចជនរងគ្រោះបានបន្តចូលខារ៉ាអូខេមួយកន្លែងទៀត លុះមកជិតដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចេញពីខារ៉ាអូខេវិញ ក៏ជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង លុះមកជិតដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមចោរប្លន់មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង (មិនចាំម៉ាក) ប្រដាប់ដោយដាវ នាំគ្នាធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូ តែជនរងគ្រោះផ្ដួលម៉ូតូកាន់សោរួច ទើបត្រូវបានក្រុមជនសង្ស័យដេញកាប់ជាច្រើនដាវ រួចដណ្ដើមយកសោ រួចជិះម៉ូតូចេញទៅបាត់ស្រមោល បន្សល់ទុកជនរងគ្រោះរងរបួសសុះខ្លួនប្រាណ តែសំណាងនៅសល់ទូរស័ព្ទទាក់ទងមកប្រាប់ម្ចាស់ម៉ូតូ ឲ្យទៅជួយគាត់ផង ព្រោះគាត់រងរបួសហើយ បានព្យាយាមដើរទៅកន្លែងស្នាក់នៅរហូតអស់កម្លាំងដើរលែងរួចហើយ។ បន្ទាប់មកម្ចាស់ម៉ូតូ ក៏បានរាយការណ៍រាយការណ៍ផ្សាយសម្លេងតាមវិទ្យុABCផងដែរ ហើយប្រញាប់ប្រញាល់ដាស់មិត្តភក្កិដែលជាអ្នកធ្វើការជាមួយជិះម៉ូតូចេញមករកជនរងគ្រោះ ហើយដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះផងដែរ។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍នេះ គឺបានមកពីការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ពានថ្ម បានមកដល់មន្ទីរពេទ្យជ័យជំនះ ដើម្បីធ្វើការសាកសួរជនរងគ្រោះផងដែរ។ ក្រោយពីសាកសួរជនរងគ្រោះរួចសមត្ថកិច្ច បានឲ្យដឹងថា ទីតាំងកើតហេតុនោះស្ថិតក្នុងសង្កាត់រលួសទេ មិនមែនស្ថិតក្នុងសង្កាត់ស្ពានថ្មនោះទេ ទើបលោកនាយប៉ុស្តិ៍នគរបាលស្ពានថ្ម បានរាយការណ៍បន្តទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរលួសបានដឹងព័ត៌មាននេះផងដែរ។

តែយ៉ាងណាមិញ ហេតុការណ៍កាប់ប្លន់នេះ ធ្វើឲ្យក្រុមអ្នកសារព័ត៌មានចង់ដឹងកាន់តែច្បាស់ ទើបផ្ញើសារទាក់ទងសាកសួរលោកអធិការខណ្ឌដង្កោ តាមរយៈ Whatapp បែរជាលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មាន វិញថា "លោកបានឲ្យកម្លាំងប៉ុស្តិ៍និងជំនាញ ចុះទៅដល់កន្លែងកើតហេតុហើយ គឺទឹកដីឃុំកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល"។ តើនេះដោយសារតែបទល្មើសកាប់ប្លន់ វាយប្លន់ ស្លាក់ប្លន់ ធាក់ឲ្យដួលប្លន់ ភ្ជង់ប្លន់ កើតឡើងក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោញឹកញាប់ពេក ឬយ៉ាងណា? ខណៈដែលមិត្តភក្តិជនរងគ្រោះជាម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយ នៅប៉ុស្តិ៍រដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកឯជនរងគ្រោះ គ្រូពេទ្យបានអនុញាតឲ្យត្រលប់ទៅសម្រាកនៅផ្ទះផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post