ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានី កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានកោះអញ្ជើញអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនមកប្រជុំពិភាក្សាគ្នានៅសាលារាជធានីភ្នំពេញ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវធំៗ ធំមួយចំនួន ពិសេសនៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវព្រះនរោត្ដម ខណៈដែលមហាវិថីទាំងពីរនេះ តែងតែប្រឈមនឹងការកកស្ទះចរាចរណ៍ជាប្រចាំនោះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាការកកស្ទះចរាចរណ៍នៅតាមមហាវិថីធំៗទាំងពីរខាងលើនេះ នៅតែជាបញ្ហាប្រឈម ដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំពិភាក្សានេះឡើង ដើម្បីរួមគ្នា ធ្វើការដោះស្រាយសំដៅកាត់បន្ថយឲ្យបាននូវការកកស្ទះចរាចរណ៍នៅតំបន់នេះ។
លោកអភិបាលបានបន្តទៀតថា ចាប់ពីរង្វង់មូលចៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មកដល់ ផ្លូវព្រះនរោត្តមស្ពានក្បាលថ្នល់ឃើញថា ចរាចរពីមួយថ្ងៃទៅមួយថ្ងៃ មានការកកស្ទះរាល់ថ្ងៃតែម្ដង បញ្ហានេះយើងត្រូវតែធ្វើការរដោះស្រាយ។ លោកបញ្ជាក់ថា ក្រោយកិច្ចប្រជុំពិភាក្សានេះ អាជ្ញាធរដែនដីក៏ដូចជាមន្ត្រីជំនាញត្រូវសិក្សាឲ្យបានច្បាស់ពីបញ្ហាប្រឈម ដែលបង្កឲ្យមានការស្ទះចរាចរណ៍ ថាតើវាផ្ដើមចេញពីបញ្ហាអ្វី ? ដែលយើងត្រូវរួមគ្នា ដើម្បីធ្វើការដោះស្រាយ។
លោកអភិបាលបញ្ជាក់ថា កន្លងមកនេះប៉ូលិសជំនាញ និងអាជ្ញាធរខណ្ឌមិនដែលបានធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធបញ្ហាប្រឈមផ្តើមចេញពីបញ្ហាកកស្ទះចរាចរណ៍នេះទេ ។ ដូច្នេះទេចាប់ពីពេលនេះទៅអ្វី ដែលយើងគួរធ្វើ គឺអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញត្រូវតែចុះទៅធ្វើការសិក្សាពីបញ្ហាប្រឈមទាំងនោះ ដើម្បីរួមគ្នាធ្វើការដោះស្រាយ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងប៉ូលិសការិយាល័យចរាចរណ៍រាជធានីភ្នំពេញ សហការគ្នាដើម្បីដោះស្រាយ បញ្ហាកកស្ទះការចូលនេះ ពិសេសនៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ហើយខណ្ឌសាមីជាអ្នកម្ចាស់ការទទួលខុសត្រូវ។
ក្រៅពីនេះលោក ឃួង ស្រេងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកបើកបរយានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍៕