header ads

Sponsor

ភ្នំពេញៈ "គ្មានជនណាម្នាក់ មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លី នៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ នៅក្នុងខេត្តព្រះសីហនុបានឡើយ"។ នេះគឺជាការគូសបញ្ជាក់របស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីឲ្យសាធារណជនបានជ្រាប និងស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បានស្នើឲ្យជនខិលខូចបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពខុសច្បាប់ទាំងឡាយ នៅក្នុងនោះមានការចូលរុនរាន ទន្ទ្រាន កាប់ ឆ្ការកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងបញ្ឈប់ការយកប័ណ្ណកម្មសិទ្ធិដែលត្រូវបាននិរាករណ៍ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៩ មកទាមទារកាន់កាប់ដីធ្លីឡើងវិញនៅតំបន់ក្បាលឆាយ។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានព្រមានទុកជាមុនថា ជនទាំងឡាយណាដែលបន្តល្មើសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានបង្កើតឡើងដោយព្រះរាជក្រិត្យ នៅខែវិច្ឆិកា ឆ្នាំ១៩៩៣ មានផ្ទៃដីចំនួន២១០០០ហិកតា។ ចំណែកតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានផ្ទៃដី ៥៥២០ហិកតា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីធានាការពារ និងថែទាំធនធានជីវៈចម្រុះ និងធនធានធម្មជាតិ និងការពារប្រព័ន្ធអេកូឡូស៊ី សម្រាប់រយៈពេលយូរអង្វែង ក៏ដូចជា លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា សាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្រោយមកមានការចេញប័ណ្ណកម្មសិទ្ធិដោយខុសច្បាប់លើដីរដ្ឋទាំងនេះ ជាពិសេសនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ រួមទាំងមានការទិញលក់ដូរដីធីដោយខុសច្បាប់ពីក្រុមជនខិលខូចមួយចំនួន ប៉ុន្តែនៅឆ្នាំ១៩៩៩ ត្រូវបានរាជរដ្ឋាភិបាលនិរាការណ៍ចោលនូវប្លង់កម្មសិទ្ធិទាំងនោះ និងបានដកហូតដីទាំងអស់នោះមកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ និងមួយចំនួនទៀតត្រូវបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគដោយស្របតាមច្បាប់។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខណៈតម្លៃដីនៅខេត្តព្រះសីហនុឡើងខ្ពស់ មានមេក្លោងមួយចំនួនបានបង្កើតក្រុមជនខិលខូចដោយជួលប្រជាពលរដ្ឋស្លួតត្រង់ ដើម្បីចូលទន្ទ្រានកាន់កាន់ដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិស្របច្បាប់។ បុគ្គលមួយចំនួនក៏បានព្យាយាមបំពានច្បាប់ដោយយកប័ណ្ណកម្មសិទ្ធិចាស់នៅក្នុងតំបន់ក្បាលឆាយ ដែលត្រូវបាននិរាករណ៍ដោយរាជរដ្ឋាភិបាលកាលពីឆ្នាំ១៩៩៩ មកធ្វើការឈូសឆាយដីព្រៃ និងទាមទារកាន់កាប់ដីនោះឡើងវិញ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះជាបទល្មើសដែលត្រូវប្រឈមមុខច្បាប់ ហើយពលរដ្ឋទាំងអស់មិនត្រូវចាញ់បោកមេខ្យល់ ឬក្រុមឈ្មួញទុច្ចរិត ដែលបោកប្រាស់នោះទេ ព្រោះក្រសួងបរិស្ថានបដិសេធមិនទទួលស្គាល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតលក់ដូរដី ដែលបានមកពីការកាប់រុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ឡើយ ទោះជាមានការទទួលស្គាល់ពីភូមិឃុំឬស្រុកក្តី។លោកនេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើមិនច្បាស់ថា ដីដែលខ្លួនកាន់កាន់ស្ថិតនៅក្នុងតំបន់អភិរក្សដែលត្រូវបដិសេធការកាន់កាប់ និងហាមឃាត់ការលក់ដូរ និងមិនអនុញ្ញាតឱ្យមានការឈូសឈាយទេ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យមន្ត្រីជំនាញក្រសួងដំឡើងផែនទី ដែលមាននិយាមការច្បាស់លាស់ពិនិត្យជាក់ស្តែងតើស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដែលត្រូវការពារនិងអភិរក្សដែរឬទេ។ លោកបានបញ្ជាក់ថាប្រជាពលរដ្ឋដែលមានការ សង្ស័យនៅតំបន់ផ្សេងៗទៀតអាចអញ្ជើញមកសាកសួរនៅក្រសួងបរិស្ថានបាន។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បានស្នើសុំឲ្យស្ថាប័នតុលាការមេត្តាជួយពិនិត្យ ចំពោះសំណុំរឿងជម្លោះដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀត មិនគួរកាត់សេចក្តីលើសំណុំរឿងនេះទេ ព្រោះជាសំណុំរឿងរំលោភដីរដ្ឋដោយខុសច្បាប់។ លោកបានថ្លែងថា កន្លងទៅនេះ ក្រុមជនខិលខូចមួយចំនួន បានប្រើយុទ្ធសាស្ត្រ "ឈ្នះបានដី ចាញ់បានលុយ" កាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ និងបានអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិ និងបង្កើតជាក្រុមជម្លោះជាមួយភាគីម្ខាងទៀត ហើយរុញសំណុំរឿងទៅតុលាការដើម្បីឲ្យសម្រេចសេចក្តី អ្នកដែលឈ្នះបានដី និងអ្នកចាញ់ពេលខ្លះបានលុយ។

លោករដ្ឋលេខាធិការ បានឲ្យដឹងថា ក្រុមមេក្លោងខិលខូចមួយចំនួន បានជួលប្រជាពលរដ្ឋស្លូតត្រង់ ក្នុងមួយថ្ងៃ១០ម៉ឺន ទៅ២០ម៉ឺនរៀល ដើម្បីចូលកាន់កាប់ដីដែលមានកម្មសិទ្ធិរួចហើយ និងខ្លះញុះញង់ប្រជាពលរដ្ឋឲ្យកាន់រានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីលក់ឲ្យខ្លួនក្នុងតម្លៃថោកៗ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងការរឹតបន្តឹងវិធានការច្បាប់ទប់ស្កាត់ និងបង្ក្រាមចលនា នៃការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋពីក្រុមជនខិលខូច ក្រសួងបរិស្ថាន បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿង និងចោទប្រកាន់ចំពោះជនល្មើសមួយចំនួនក្នុងនោះ មានមេក្លោងទន្ទ្រានកាន់កាប់ដីរដ្ឋនៅក្នុងឧទ្យានជាតិព្រះសីហនុរាម ចំនួន២រូប និងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាមក្បាលឆាយ ចំនួន២រូប ដែលទើបតែត្រូវតុលាការសម្រេចផ្តន្ទាទោសកាលពីដើមខែឧសភាកន្លងទៅនេះ។ លោកគូសបញ្ជាក់ថា វិធានការច្បាប់នឹងអនុវត្តចំពោះជនល្មើសដោយមិនលើកលែងឡើយ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post