
ករណីឃាតកម្មខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឪពុកជនរងគ្រោះឈ្មោះ ផូ កុសល្យ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្ដីបង្កឈ្មោះ ហ៊ន ប៊ន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាតុង ទីលំនៅសព្វថ្ងៃ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ ប្រពន្ធគ្រោះឈ្មោះ សល្យ យ៉ាដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល មានកូន២នាក់ ស្រី១ ប្រុស១។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ និងប្តី(ជនសង្ស័យ បានដេកជាមួយគ្នានិងកូនស្រីម្នាក់ អាយុ០៤ឆ្នាំ នៅក្នុងបន្ទប់លើផ្ទះ ដល់វេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ជនសង្ស័យ ជាប្តីបានងើបពីដេក នោមដាក់កន្ថោរនៅក្នុងបន្ទប់ ក្រោយនោមហើយបានឡើងទៅលើគ្រែវិញ ដោយក្នុងចិត្តមានការខឹង ប្រចណ្ឌប្រពន្ធ ចោទប្រពន្ធថា មានប្រុស ក៏ស្ទុះច្របាច់កប្រពន្ធរហូតដល់ប្រពន្ធឈប់រើបម្រះ ទើបលែង ហើយចុះមកដីយកម៉ូតូជិះចេញពីផ្ទះ។ លុះដល់ម៉ោង៧.២៤នាទីព្រឹកថ្ងៃដដែល ជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ទើបដឹងថា ប្រពន្ធស្លាប់។
តាមចម្លើយសារភាព ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយខ្លួនបានសម្លាប់ប្រពន្ធប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕


