ភ្នំពេញៈ នាពេលបច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១២ ចុះណែនាំក្រុមអាជីវករលក់ដូរតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ក៏ដូចជាជនពិការធ្វើដំណើរ។
ជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសុកហុក (ផ្លូវលេខ១០៧) ស្ថិតនៅមូលដ្ឋានសង្កាត់អូរឫស្សីទី១ និងអូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រុមអាជីវករប្រកបអាជីវកម្មបិតស្កុតម៉ូតូ ហាងកាត់សក់-ល-។លើផ្លូវ ដោយការធ្វើចរាចរដោយរថយន្តកកស្ទះចៀសគ្នាពុំចង់បាន រំលោភយកផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវ ខុសពីសេចក្ដីណែនាំរបស់សាលារាជធានី ដែលអនុញ្ញាត។
ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវសុកហុកនេះញឹកញាប សូមសំណូមពរដល់លោកវរសេនីយ៍ត្រី ថោង ម៉ារឌី នាយប៉ុស្តិ៍អូរឫស្សីទី១ និងលោកវរសេនីយ៍ត្រី ហ៊ុន វណ្ណា នាយប៉ុស្តិ៍អូរឫស្សីទី៤ ដែលជាអាជ្ញាធរមូលដ្ឋាន ជួយយកចិត្តទុកដាក់ពីបញ្ហាអាជីវកររំលោភយកចិញ្ជើមផ្លូវលើស១ភាគ៣ នៃចិញ្ជើមផ្លូវសម្រាប់ប្រកបអាជីវកម្ម បង្កការកកស្ទះចរាចរណ៍ខ្លះផង កុំអង្គុយក្នុងបន្ទុប់ចាំតែប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនប្រចាំខែ។
បន្ថែមទៀតនោះ ជាពិសេសម្ចាស់អាជីវកម្មបិតស្កុតម៉ូតូ រត់ហៅម៉ូយបិតស្កុតម៉ូតូប្រសេកប្រសាចពេញផ្លូវសុកហុកតែម្ដង ដូច្នេះសូមអាជ្ញាធមូលដ្ឋានទាំង២សង្កាត់ ជួយសម្រួលផង ព្រោះពួកគាត់រត់ហៅម៉ូយកាត់ផ្លូវប្រសេកប្រសាច ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជិះរកបុក ចុះបើពួកគាត់ធ្វើអញ្ចឹង មានអ្នកជិះបុកវិញ តើអ្នកណាជាអ្នកទទួលខុសត្រូវ?
ចុងក្រោយ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងផ្លូវទាំងនេះជារៀងរាល់ថ្ងៃ សំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា គួរមានវិធានការចាត់ការដោះស្រាយបញ្ហាកកស្ទះក្នុងមូលដ្ឋានខ្លះផង កុំសម្ងំតែទទួលផលប្រយោជន៍ផ្ទាល់ខ្លួន គួរគិតពីប្រយោជន៍សង្គមជាធំ ទើបសមជាមន្រ្តីបម្រើរាស្រ្ត៕