
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បង្ហាញមុខនារី២នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀន បើតាមលោកវរៈសេនីយ៍ឯក យិន បញ្ញារិទ្ធ បានឲ្យដឹងថា ក្រោយពីមានបទបញ្ជាពី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសហការពីប្រជាពលរដ្ឋផងនោះ នគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស៊ើបអង្កេតអស់រយៈពេល មួយខែឈានដល់ធ្វើការឃាត់ខ្លួនស្ត្រីខ្មែរ–ឥស្លាមពីរនាក់ និងគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីនICE ជាងប្រាំពីរគីឡូក្រាមនេះមានតម្លៃជិត១០ម៉ឺនដុល្លារអាមេរិក។
ការឃាត់ខ្លួននារីពីររូបខាងលើនេះ កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅថ្មីៗនេះ នៅចំណុច ផ្លូវ ៩៣ ភូមិ ចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
ស្រ្តីដែលជាជនសង្ស័យទាំងពីរនាក់នោះ១. ឈ្មោះ ហ៊ីម ពៅ ភេទ ស្រី ជនជាតិខ្មែរឥស្លាមអាយុ ២៥ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ៣៦H ផ្លូវ ៩៣ ភូមិ ចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ដូចគ្នា ។
ស្ត្រីទាំងពីរនាក់នេះបានប្រើប្រាស់ និងរត់ពន្ធគ្រឿងញៀនមួយយប់មួយថ្ងៃចាប់ពី២ទៅ៣គីឡូក្រាម។ យ៉ាងណាក៏ដោយស្ត្រីឥស្លាម ដែលជាជនសង្ស័យ ទាំងពីរនាក់នេះ នឹងបញ្ជូនទៅតុលាការចាត់ការទៅ តាមច្បាប់ នាល្ងាចថ្ងៃទី២៨នេះ ហើយគ្រឿងញៀន និងសម្ភារៈដែលរឹបអូសបាននឹងបញ្ជូនទៅរក្សាទុកសម្រាប់កម្ទេចចោលនាពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា នៅរយៈពេល៥ខែដើមឆ្នាំ២០១៩នេះ មន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការរឹបអូសបានគ្រឿងញៀន ជិតពីររយគីឡូក្រាម ហើយនឹងត្រូវយកកម្ទេចចោលនាពេលខាងមុខនេះ៕




