
ប៉ូលិសបានឲ្យដឹងថា រន្ទះបាញ់មនុស្សនេះ កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កាលពីវេលាម៉ោង២និង៥០នាទី ត្រង់ចំណុចផ្ទះឈ្មោះ ស៊ឹម ធុក នៅភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងបីនាក់ កំពុងបើកទូរស័ព្ទដៃនាំគ្នាមើល។ ខណៈនោះមេឃកំពុងភ្លៀង ក៏មានរន្ទះបាញ់បណ្តាលឲ្យជនរងគ្រោះទាំងបីនាក់ដួលសន្លប់។
ប៉ូលិសបន្តថា រន្ទះបាញ់ត្រូវចំមនុស្សចំនួន៣នាក់ ទី១. ឈ្មោះ ចិន ស្រី ភេទស្រី អាយុ២៦ឆ្នាំ មានរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ទី២. ឈ្មោះ ឡាយ វីរៈ ភេទប្រុស អាយុ១២ឆ្នាំ របួសស្រាល។ ទី៣. ឈ្មោះ ឡាយ សុខហៃ ភេទប្រុស អាយុ៧ឆ្នាំ របួសស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប៉ូលិសបន្តទៀតថា អ្នកទាំងបីខាងលើនេះ នៅភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃរ ខេត្តកំពង់ចាមជាមួយគ្នា។
ប៉ូលិសបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ឈ្មោះ ចិន ស្រី បានដឹងខ្លួនឆ្លងផុតគ្រោះថ្នាក់ និង២នាក់ទៀត ក៏បានរួចផុតពីគ្រោះថ្នាក់ដែរ បានវិលត្រឡប់មកផ្ទះហើយ៕


