header ads

Sponsor

ភ្នំពេញៈ មន្ទីរពេទ្យព្រះអង្គដួង បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភចំពោះការប្រើប្រាស់ប័ណ្ណក្រីក្រ និងប័ណ្ណ(ប.ស.ស) ដើម្បីមកធ្វើការពិគ្រោះ និងព្យាលបាលជំងឺផ្សេងៗ បន្ទាប់ពីមានមតិចំនួន បានលើកឡើងថា ការប្រើប័ណ្ណទាំងនេះ គឺមានការរើអើងពីលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ។

ក្នុងកិច្ចសម្ភាសន៍ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យពេទ្យព្រះអង្គដួង លោកសាស្រ្ដចារ្យ ស៊ុន សារិន អនុប្រធាមន្ទីរពេទ្យព្រះអង្គដួង បានថ្លែងថា មន្ទីរពេទ្យព្រះអង្គដួងមានគោលការណ៍ផ្ដល់គុណភាពក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺដែលមានប័ណ្ណក្រីក្រ និង(បសស) គឺមិនមានការរើសអើងនោះទេ ដោយក្រុមគ្រូពេទ្យធ្វើការព្យាបាលដោយយកចិត្ដទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ដូចជាការព្យាបាលអស់ថវិកាផងដែរ។

លោកសាស្ត្រាចារ្យ បញ្ជក់ថា មន្ទីរពេទ្យបានពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យជាប្រចាំ ដើម្បីផ្ដល់សេវាដល់ពួកគាត់ឲ្យបានខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្ដទុកដាក់ទៅលើប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណក្រីក្រ និង(បសស)។ លោកសាស្ត្រាចារ្យ ក៏ស្នើសុំការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋដែលមកទទួលសេវា មានការរង់ចាំ និងមិនមានការទាន់ចិត្ដ ដោយសារមន្ទីរពេទ្យមានអ្នកជំងឺមកទទួលសេវាព្យាបាលច្រើន។

លោកសាស្ត្រាចារ្យ អំពាវនាវឲ្យប្រជាពលរដ្ឋ គួតែប្រើប័ណ្ណក្រីក្រ និង(បសស)នេះ សម្រាប់មកពិនិត្យ និងព្យាបាលជំងឺ ដោយសារប័ណ្ណនេះ វាមានសារសំខាន់ណាស់ ដើម្បីជួយកាត់បន្ថយការចំណាយថវិកាក្នុងជីវភាពប្រចាំថ្ងៃ ពីព្រោះស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនជាអ្នកបង់ថ្លៃជំនួសរួចហើយ។

លោកស្រី ហុង សេង ប្រជាពលរដ្ឋរស់នៅខេត្ដកណ្ដាល ដែលមកព្យាបាលជំងឺនៅមន្ទីរព្រះអង្គដួង បានសម្ដែងអារម្ភសប្បាសរីករាយចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណ(បសស)នេះ ដែលបង្កភាពងាយស្រួលដល់ពួកគាត់មកទទួលការការពិនិត្យ  និងព្យាបាលជំងឺដោយមិនគិតប្រាក់ ដើម្បីជួយកាត់បន្ថយការចំណាយថវិកាក្នុងគ្រួសារ ដោយពួកគាត់កំពុងតែជួបបញ្ហាការលំបាកជាដើម។ លោកស្រីបន្ដថា ការប្រើប្រាស់ប័ណ្ណក្រីក្រ និងប័ណ្ណ(បសស)នេះ គឺមានការយកចិត្ដទុកដាក់ និងប្រើប្រាស់សម្ដីសមរម្យពីលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យផងដែរ។

ដូចគ្នានេះដែរ លោក ប៊ុន គុណ ប្រជាពលរដ្ឋរស់នៅកំពុងចាម ដែលមកព្យាបាលជំងឺនៅមន្ទីរព្រះអង្គដួង បានសម្ដែងអារម្ភសប្បាសរីករាយចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណ(បសស)នេះ ដែលប័ណ្ណនេះ វាពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលដែលមិនមានលទ្ធភាពមកព្យាបាលជំងឺ ហើយដោយមានការព្យាបាលដោយយកចិត្ដទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ពីលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ ដូចការព្យាបាលអស់ថវិកាផងដែរ។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃប្រជាពលរដ្ឋមកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គដួង មានចំនួន១០០០នាក់ ហើយមានប្រជាពលរដ្ឋដែលប្រើប័ណ្ណក្រីក្រ និងប័ណ្ណ(បសស)៥០ភាគរយ នៃអ្នកជំងឺសរុប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post