Wednesday, May 8, 2019

បុរសម្នាក់បើកបរទាំងស្រវឹង យ៉ាងលឿន បុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម រួចគេចខ្លួនបាត់ទុកតែរថយន្ត

ភ្នំពេញ៖ នៅវេលាម៉ោងជាង២យប់ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់ស្រវឹងស្រាជោគ បានបើករថយន្តមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ រងគ្រោះថ្នាក់នោះទេនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោក្រុងភ្នំពេញ។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយ គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកភ្នំពេញ 2Q-1278 ដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរស្រវឹងស្រាជោគផងនោះ ក៏ជ្រុលចង្កូតទៅស្ដាំបណ្ដាលឲ្យរថយន្ដបុក រះបង្គោលភ្លើងបាក់ខ្ទេចមួយដើម រួចក៏បន្តទៅបុកបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តវិញរងការខូចខាត ខ្ទេចមួយកំណាត់មុខយ៉ាងដំណំតែម្ដង។

ភ្លាមៗនោះដែរគេបានឃើញអ្នកបើកបររថយន្តបង្កខាងលើបានចុះពីលើរថយន្តដោយសភាពស្រវឹង ស្រាឈរលែងនឹង បានរត់ឡើងជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកធ្វើការចុះមកធ្វើការវាស់វែង ដើម្បី យករថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕

Feature Ads