header ads

Sponsor

ភ្នំពេញៈ ប្តីប្រពន្ធមួយគូ ទើបតែរៀបការថ្មោងថ្មី ដេករស់នៅជាមួយគ្នាមិនទាន់ទាំងក្តៅខ្នងផង នួនល្អងចិត្តខ្មៅ រួម២នាក់ម្តាយ ហ៊ានលើកដៃចាក់សម្លាប់ប្តី ព្រោះរឿងលុយ១ម៉ឺ​នរៀល ស្លាប់យ៉ាងអាណោចអធ័ម អូសសពទៅលាក់ក្នុងបន្ទប់ចាក់សោឃុំទុក កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយនាំគ្នាគេចខ្លួន ពួនសង្ងំនៅមិនសុខ ស្រាប់តែនៅវេលាម៉ោង៩យប់ថ្ងៃដដែល ឃាតកដៃឆៅ២នាក់ម្តាយកូន ដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលិស សារភាពនូវទង្វើរខ្លួន ហើយអូសដៃប៉ូលិសឲ្យទៅមើលសពប្តីជាក់ស្តែង បង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋរឹតតែទ្រូង ដោយមិននឹកស្មានដល់។

សាកសពឈ្មោះ គឹម យ៉ត ហៅ គឹម សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទិញលក់អចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ខ្មែរកម្ពុជាក្រោម ។ ចំណែកស្ត្រីជាម្តាយជាជនដៃដល់ឈ្មោះ គង់ ធីតា ហៅ ម៉ាក់ស្រីស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៣ហ្ស៊ី​ ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែក​កូនស្រីដៃឆៅ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ង៉ូយ សុម៉ារី ហៅ ស្រីស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ផ្ទះជួល កន្លែងកើតហេតុ ទើបបានជាង១ខែ ។

តាមការសារភាពរៀបរាប់ ស្ត្រីសង្ស័យ បានឲ្យដឹងថា ប្តីប្រពន្ធគាត់ ទើបតែរៀបការនឹងគ្នា ក្នុងអំឡុងខែមករា ឆ្នាំ២០១៩ ហើយទើបមកស្នាក់នៅផ្ទះជួលកន្លែងកើតហេតុនេះទេ។ ស្ត្រីសង្ស័យ បន្តទៀតថា នៅល្ងាចថ្ងៃទី២៣ ខែឧសភា ប្តីមានអាការៈមិនស្រួលខ្លួន គាត់(ប្រពន្ធ)បានហៅម្តាយមកជួយមើល « ប្តីកូនឈឺហើយម៉ាក់អើយ » លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ប្រពន្ធបានសុំលុយប្តី (ជនរងគ្រោះ) ចំនួន ១ម៉ឺ​នរៀល ខណៈ​ជនរងគ្រោះកំពុងឈឺផង មិនបានយកលុយឲ្យ ធ្វើឲ្យប្រពន្ធ​ខឹង មាត់ធំ មាត់តូច ក៏កើតជាទំនាស់សម្តីដាក់គ្នា ហើយជនរងគ្រោះក្រោកងើបទាំងវេទនា ចាប់ច្របាច់កប្រពន្ធ ស្រែកឲ្យម៉ែជួយ ស្ទុះមកទាន់ចិត្ត ប្រដាប់ដោយកាំបិតបុ័ងតោ កាប់ក្បាល២បុ័ងតោ ជនរងគ្រោះដួលស្រឹប ប្រពន្ធអូសប្តីជាជនរងគ្រោះ ដាក់លើគ្រែ ចាក់បន្ថែម២កូនកាំបិតចុងស្រួច ជនរងគ្រោះក៏​ស្លាប់បាត់ ក្នុងថ្លុកឈាម ។

ស្រ្តីសង្ស័យ បន្តទៀតថា ក្រោយពីសម្លាប់ប្ដីហើយ ២នាក់ម៉ែកូន បាន​ចាក់សោបន្ទប់ នាំគ្នារត់ទៅសង្ងំនៅផ្ទះ ឯសង្កាត់ទន្លេបាសាក់ រៀបរាប់ប្រាប់ឪពុក ដឹងរឿង ស្តីបន្ទោស នៅវេលាម៉ោង៩យប់ថ្ងៃដដែល ២នាក់ម្តាយកូននាំគ្នាវិលមកវិញ ចូលប៉ុស្តិ៍ប៉ូលិស សារភាពប្រាប់រឿង ទង្វើ សកម្មភាពដែលខ្លួនបានប្រព្រឹត្ត ប៉ូលិសរកសឹងតែមិនជឿ តែជនសង្ស័យដឹកដៃ ប៉ូលិសឲ្យទៅមើលដល់បន្ទប់ ពុទ្ធោរឿងពិតមែនទែន ទើបឆោឡោឃាត់ខ្លួន២នាក់ ម្តាយកូន។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យហើយ ពិតជាករណីឃាតកម្ម ២នាក់ម្តាយកូន រួមគ្នាកាប់ ចាក់សម្លាប់ជនរងគ្រោះ រួចសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ ដៃដល់ទាំង២នាក់ម្តាយកូន សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post