header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ជាមន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្តមួយម្នាក់​  បើករថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីដ ដឹកនារីរូបស្រស់សោភាម្នាក់ ក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់មួយកង់ ខូចខាតរថយន្តខ្ទេចស្ទើរទាំងស្រុង បណ្ដាលឲ្យស្រីរងរបួសធ្ងន់ នឹងម្ចាស់រថយន្តរបួសស្រាល ខណៈដែលលើ​កៅអីអង្គុយអ្នករួមដំណើរខាងមុខ ឃើ​ញមានកូនកាំបិតតូចមួយ ប្រលាក់ដោយឈាមជាប់កាំបិត និងខ្ទាតប្រលាក់ពេញរថយន្តទៀតផង តែយ៉ាងណាមិញ អ្នកទាំងពីរបានត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅនៅចំណុចស្តុបកាណាឌីយ៉ា(អូឡាំពិក ) លើ​កំណាត់ផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដឹកនារីរូបស្រស់សោភាម្នាក់​ បើ​ករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ (Camry Hybrid) ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ  2AE-6117 ធ្វើ​ដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ  ទិសដៅពីកើតទៅលិច លុះមកជិតដល់ចំណុចកើ​តហេតុ មិនដឹងថា មានរឿអ្វីនោះទេ  ស្រាប់តែឃើ​ញរថយន្តទៅបុកចំរបាំងថ្មក្បាលព្រួញពុះចែកផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យកង់រថយន្តដាច់កាឡេខាងឆ្វេងខ្ទេច និងខូចខាតផ្នែកខាងឆ្វេងខ្ទេចយ៉ាងដំណំ ហូរហៀរប្រេងម៉ាស៊ីនពេញផ្លូវ ហើ​យថែមទាំងផ្ទុះពោងសុវត្ថិភាពចេញពីដៃចង្កូត  ពោងចេញពីតាបឡូថែមទៀតផង តែសំណាងល្អហើយ ដែលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កគ្រោះថ្នាក់ទៅដល់អ្នកដទៃ។

ភ្លាមៗនោះគេឃើ​ញនារីរូបស្រស់សោភា មានឈាមហូរជោកខ្លួន រងរបួសធ្ងន់ មិនដឹងថា នាងត្រូវបោកជាមួយកញ្ចក់រថយន្ត ឬក៏យ៉ាងណានោះទេ ព្រោះឃើ​ញមានកូនកាំបិតតូចមួយ មានឈាមប្រលាក់ជាប់កាំបិត និងខ្ទាតប្រលាក់ពេញរថយន្តផងដែរ តែត្រូវបានអ្នកបើករថយន្តដែលរងរបួសស្រាលប្រញាប់ប្រញាល់ ចុះពីលើរថយន្តនាំនារី ដែលរបួសធ្ងន់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបាត់។

យ៉ាងណាមិញ នៅក្នុងរថយន្ត  ដែលមើលតាមកញ្ចក់រថយន្តបានឃើញមានឯកសណ្ឋានអាវុធហត្ថឈ្មោះ ចាន់ រិទ្ធតុលាភក្តី ពាក់ស័ក្ត១ អត្តលេខ ២៤៥១៦៩ នៅជាប់កៅអីអង្គុយរបស់អ្នកបើ​កបរ និងមានស្លាកអក្សរ អ.ហ នៅជាប់កញ្ចក់រថយន្តផ្នែកខាងឆ្វេង ។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការនគរបាលខណ្ឌ៧មករា ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ជើ​ងគោកនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ លើការខូចខាតទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post