header ads

Sponsor

(ខេត្តស្វាយរៀង)៖ សមត្ថកិច្ចនគបាលស្នងការដ្ឋាននគបាលខេត្ត បានចុះបង្ក្រាបនិងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ចំនួន០៨នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន៦ខាំ នៅស្រុកស្វាយជ្រំ រីឯភាគីវៀតណាមចាប់បានឧក្រិដ្ឋជនជាជនជាតិវៀតណាម១នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន៦៣គីឡូក្រាម នៅប៉ុស្ត៍ព្រំដែនវៀតណាម ដែលសមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជនបានសហការគ្នាជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តស្វាយរៀង រួចឆ្លងដែនទៅប្រទេសវៀតណាម សរុបក្រុមនេះមានថ្នាំញៀនចំនួន៦៣,៦គីឡូក្រាម ។


សមត្ថកិច្ចការពារព្រំដែនបានបង្ហើបឲ្យដឹងថា:
 ក្រុមឧក្រិដ្ឋជនមាន២សញ្ជាតិ គឺខ្មែរនិងវៀតណាម ក្រុមឧក្រិដ្ឋជននៅកម្ពុជា បានជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ មកឆ្លងកាត់ស្រុកស្វាយជ្រំឆ្ពោះទៅប្រទេសវៀតណាម តាមព្រំដែនឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅឲ្យពួកឧក្រិដ្ឋជនជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម ។
បើតាមការសារភាពរបស់ក្រុមឧក្រិដ្ឋជនពួកគេ បានជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ យកទៅឲ្យភាគីវៀតណាម ។


ប្រភពដ៏ដែលបានបន្តទៀតថា ដោយមានការសង្ស័យខាងសមត្ថកិច្ចវៀតណាម បានស៊ើបអង្កេតជនសង្ស័យជាជនជាតិវៀតណាម យករថយន្ត១គ្រឿងម៉ាកធូរីសពាក់ស្លាកលេខ51F 310.13 មកចតនៅក្នុងភូមិកើតហេតុខាងលើ ក៏ឃ្លាំមើលរហូតដល់ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចវៀតណាមប៉ុស្ត៍ទាហានវរៈការពារព្រំដែនទៀងប៊ិញ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម១នាក់ ភេទប្រុស និងដកហូតរថយន្ត១គ្រឿងយកមកពិនិត្យឆែកឆេរកឃើញសង្ស័យគ្រឿងញៀន ក៏បានកោះហៅភាគីកម្ពុជា នគបាលវរៈការពារព្រំដែនអន្តរជាតិព្រៃវល្ល័ និងមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ចូលរួមពិនិត្យដកហូតបានគ្រឿងញៀន០៣ប្រភេទ រួមមានហេរ៉ូអ៊ីន ហ្វេតំតាមីន និងកេតាមីន សរុប៦៣គីឡូក្រាម ។


 ក្រោយពីសួរចម្លើយជនសង្ស័យជនជាតិវៀតណាម បានសារភាពគេទទួលពីក្រុមជនសង្ស័យជាជនជាតិខ្មែរ ជាអ្នកយកឲ្យរូបគេ។
រហូតដ់ល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយនគបាលស្រុកស្វាយជ្រំ ចុះបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ៦នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ហ្វេតំតាមីនចំនួន០៦ខាំ និងបន្តចាប់ខ្លួនជនសង្ស័យបាន២នាក់ទៀត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ហើយបន្តតាមប្រម៉ាញ់មេក្លោង ជួញដូរគ្រឿងញៀនម្នាក់ទៀតរហូតដល់ថ្ងៃទី១៧ ឧសភា ២០១៩ ក៏ប៉ុន្តែពុំទាន់ចាប់ខ្លួនបាននៅឡើយទើបនៅព្រឹកថ្ងៃទី១៨ ឧសភា ២០១៩ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៨នាក់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន០៦ខាំ មកសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី ។


ចំណែកភាគីវៀតណាមក៏បានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋជន១នាក់ទៅតុលាការ ដែររួមទាំងវត្ថុតាងគ្រឿងញៀនចំនួន៦៣គីឡូក្រាម និងរថយន្តមួយគ្រឿង ហើយសមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ភាគីវៀតណាមបានស្នើសុំនាំខ្លួនឧក្រិដ្ឋជនជាជនជាតិខ្មែរ១នាក់ក្នុងចំណោម០៨នាក់ ទៅប្រទេសវៀតណាម ដែលភាគីវៀតណាមបានប្រាប់ថាជាឧក្រិដ្ឋជនម្នាក់ដែលសង្ស័យថា ជាមេក្លោងនាំគ្រឿងញៀនចូលប្រទេសវៀតណាមរាប់សិបតោនឯណោះ តែតាមចាប់មិនបាន ក៏ប៉ុន្តែភាគីកម្ពុជាមិនប្រគល់ជនសង្ស័យជាឧក្រិដ្ឋជនម្នាក់នោះទៅឲ្យភាគីវៀតណាមតាមការស្នើសុំទេ ។
ចំណែកអត្តសញ្ញាណជនសង្ស័យទាំង០៨នាក់ និងវត្ថុតាងគ្រឿងញៀនចំនួន០៦ខាំនោះ សមត្ថកិច្ចនគបាលខេត្តស្វាយរៀង មិនអនុញ្ញាតិថតរូបភាពឬផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មានបានថតចុះផ្សាយទេ រហូតមកដល់ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៩នេះ ៕ ដោយ:ស្វាយរៀង d

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post