header ads

Sponsor

ភ្នំពេញៈ ទណ្ឌិត ថោង សារ៉ាត់ ដែលជាប់ចោទពីបទផ្ដើមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន លើឧកញ៉ា អ៊ឹ​ង ម៉េងជឺ បានប្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមរបស់ក្រុមប្រឹក្សាជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

នេះបើតាមការបញ្ជាក់របស់លោកមេធាវី ទួត លុច មេធាវីការពារផ្លូវច្បាប់អោយជនជាប់ចោទ  ថោង សារ៉ាត់ បាន​ប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី៨ ឧសភា ឆ្នាំ២០១៩ ។

លោកមេធាវី បានបញ្ជាក់ថា កូនក្ដីរបស់លោក ថោង សារ៉ាត់ បានដាក់ពាក្យប្ដឹងឧទ្ធរណ៍រួចហើយ ចំពោះការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅតែពេលវេលាដែលសាលាឧទ្ធរណ៍កំណត់ ដើម្បីជំនុំជម្រះ​ប៉ុណ្ណោះ។

ក្រុមប្រឹក្សាជំនុំជម្រះ​តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក ថោង សារ៉ាត់ និងបក្ខពួក ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធនិងអំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ។

សេចក្ដីសម្រេចនេះ ធ្វើឡើងដោយកំបាំងមុខជនជាប់ចោទ ថោង សារ៉ាត់ តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

ក្រោយស្ដាប់សេចក្ដីសម្រេចរបស់តុលាការហើយ ទាំងជនត្រូវចោទ ដែលនាំមកស្ដាប់សាលក្រម រួមទាំងសាច់ញាតិ បានយំននៀលពេញបន្ទប់សវនាការ ស្រែកថា អយុត្តិធម៌។

គួររំលឹកថា ក្នុងសំណុំរឿង​ឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កន្លងទៅតុលាការបានចោទប្រកាន់ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទផ្តើមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន។ ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និង ទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ។ ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

សូមរំលឹកថា ជនរងគ្រោះឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតកបាញ់សម្លាប់ កាលពីម៉ោងប្រមាណជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរផ្សារអូឡាំពិក។

ក្នុងសវនាការចំនួន២២លើកកន្លងទៅ ក្រុមជនជាប់ចោទបានបដិសេធថា ពួកគេមិនជាប់ពាក់ព័ន្ធនិងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ។

គួររំឭកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបានលោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post