
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានអោយដឹងថា: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដ និង ម៉ូតូ ព្រលះគ្នាលន់ដូចរន្ទះបណ្តាលអោយយុវជនម្នាក់ស្លាប់ និងយុវជនម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា: រថយន្ដដែលម៉ូតូបុកពីក្រោយមិនស្គាល់ម៉ាកនោះទេ គ្រាន់តែដឹងថាជារថយន្ដប្រភេទដឹកទំនិញធុនធំ បើកបរពីលិចទៅកើត ក្រោយកើតហេតុអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើករត់គេចពីកន្លែងកើតហេតុ បាត់ស្រម៉ោលទៅហើយ ។
ចំណែកម៉ូតូម៉ាកហុងដា PCX ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1O-4849 (ផ្លាកលេខក្លែងក្លាយ) បើកបរដោយឈ្មោះ វ៉ោន សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព+គ្មានកញ្ចក់មើលក្រោយ បើកបរពីលិចទៅកើត (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូខូចខាតធ្ងន់ និងអ្នករួមដំណើរឈ្មោះ យស់ វ៉ាន់ណេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុត្ថិភាព រងរបួសធ្ងន់ (បាក់ជើងឆ្វេង) ។
បច្ចុប្បន្ននេះម៉ូតូរក្សាទុកនៅអធិការក្រុងស្វាយរៀង រីឯអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ:ស្វាយរៀង





