ភ្នំពេញៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរសារធាតុញៀន ត្រង់ចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក កាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តន៍តាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ១/ឈ្មោះ នី ម៉ាណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ ២/ឈ្មោះ ឆយ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ ៣/ឈ្មោះ សុ វត្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន)។ ៤/ឈ្មោះ ហម រត័្នថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន)។ ៥/ឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងខាងលើ (ប្រើប្រាស់គ្រឿងញៀន)។
វត្ថុតាងចាប់យករួមមាន ៖ ១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ។ ២/ជញ្ជីងថ្លឹងគ្រឿងញៀន១ ។ ៣/ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង។៤/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F 0041។ ៥/ប្រាក់រៀលចំនួន បីមុឺនពីពាន់(៣២០០០៛) ។ ៦/ដាវកែច្នៃចំនួន១ដើម និងថង់សម្រាប់ច្រកគ្រឿងញៀន ព្រមទាំង៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបាននាំខ្លួនយកទៅប៉ុស្តិ៍ស្រះចក ដើម្បីសួរយកចម្លើយបន្តស្រាវជ្រាវតាមចាប់បក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕