header ads

Sponsor

ភ្នំពេញៈ នៅក្នុងបរិបទសាកលភាវូបនីយកម្ម ប្រកបដោយភាពស្មុគស្មាញ សង្គមទាំងឡាយលើសាកលលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា អំពើពាលាអាវ៉ាសែ អំពើអបាយមុខ បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាសិក្សាអប់រំ បញ្ហាសុខភាព។ល។ បញ្ហាទាំងនេះ ជាបន្ទុកដ៏ធ្ងន់របស់សមាជិកសង្គម ក៏ដូចក្រុមគ្រួសារទាំងអស់ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួបរួមសាមគ្គី ពីគ្រប់មជ្ឈដ្ឋាន ដើម្បីដោះស្រាយ។ ការយកចិត្តទុកដាក់ឧបត្ថម្ភផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ទាំងសុខភាព សីលធម៌ និងបំណិនជីវិតទៅឲ្យកូនៗនោះ គឺជាកាតព្វកិច្ចរបស់ឪពុកម្ដាយទាំងឡាយ ដើម្បីកសាងតម្លៃជាធនធានមនុស្ស ជាពលរដ្ឋល្អ ដែលជាតម្រូវការបស់សង្គមទាំងមូល។

គ្រួសារជាអ្នកផ្ដល់នូវការអប់រំដំបូង ដែលគេត្រូវគិតគូរយកចិត្តទុកដាក់មុនគេ ព្រោះការអប់រំដំបូងអាចផ្តល់ទម្លាប់ល្អ ឬអាក្រក់ ប្រសិនបើការអប់រំបានល្អពីដំបូងនោះ ការអប់រំបន្ដនឹងទៅជាការងាយស្រួល ប៉ុន្តែបើការអប់រំដំបូងអាក្រក់វិញ ការអប់រំបន្ដមុខជាពិបាកខ្លាំងណាស់។

ជាក់ស្ដែង គ្រួសារមួយដែលមានឪពុកជាអ្នកជួញដូរគ្រឿងញៀន ចំណែកឯម្ដាយបានក្លាយជាមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯង (ឆ្កួត) ដោយសារប្រើថ្នាំញៀនលើសកម្រិត ដោយបន្សុលទុកកូនប្រុសតែម្នាក់ រស់នៅជាមួយជីដូន ខ្វះការអប់រំប្រៀនប្រដៅ រហូតបណ្ដោយឲ្យគ្នា ហ៊ានប្រព្រឹត្តិបទល្មើស ដើរលួចទ្រព្យសម្បត្តិអ្នកដទៃ ៨លើករួចមកហើយ គឺលើកទី៨ លួចលុយអ្នកលក់សាច់ជ្រូក នៅផ្សារពោធិញាណភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ត្រូវកងរាជអាវុធហត្ថខណ្ឌមានជ័យ ចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីអប់រំចំនួន៣ខែ តែគួរឲ្យសោកស្ដាយ ពេលចេញមកវិញ មិនបានប៉ុន្មានផង នៅវេលាម៉ោង២៖០០នាទី ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្មេងរូបនេះ បានចូលទៅលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះលីហួរ វេលុយ មានទីតាំងនៅផ្ទះលេខ៩៤១ ក្រុមទី៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ តែត្រូវម្ចាស់គេទាន់ ចាប់បានប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ នាំយកទៅធ្វើការសាកសួរបន្ត។

ជនរងគ្រោះមានឈ្មោះ លីម ហេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាអ្នកវេលុយ ស្នាក់នៅផ្ទះលេខ៩៤១ ក្រុមទី៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១។ ចំណែកជនសង្ស័យឈ្មោះ នៅ ឡេង ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខណ្ឌច្បារអំពៅ។

បើតាមមន្ត្រីជំនាញអាវុធហត្ថខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ CAM POST ថា ក្មេងប្រុសតូច(ជនសង្ស័យ)នេះ ធ្លាប់ធ្វើសកម្មភាពលួចសរុប ចំនួន៩ដងហើយ) លើកទី១. នៅកន្លែងលក់ចេក ផ្សារច្បារអំពៅ (លួចបានលុយចំនួន១០ម៉ឺនរៀល)។ លើកទី២. នៅផ្សារច្បារអំពៅ លួចលុយក្នុងកន្ត្រកម៉ូតូ បានចំនួនប្រហែល៣០ម៉ឺនរៀល។ លើកទី៣. នៅតូបលក់ដូរជិតផ្ទះ នៅខណ្ឌច្បារអំពៅ (លួចបានលុយចំនួន ៤ម៉ឺនរៀល)។ លើកទី៤. នៅក្នុងសាលាច្បារអំពៅ លួចកាបូបអ្នកគ្រូបង្រៀន (មានតែឯកសារ តែគ្មានលុយទេ)។ លើកទី៥. នៅសាលាច្បារអំពៅដដែល លួចសិស្សសាលា (បានលុយប្រហែល២០ម៉ឺនរៀល និងទូរស័ព្ទ Sumsung មួយគ្រឿងទៀត យកទៅលក់បានលុយ៥០ដុល្លារ)។ លើកទី៦. នៅផ្សារច្បារអំពៅ (លួចកាបូបស្ពាយ បានទូរស័ព្ទ IPhone5 មួយគ្រឿង និងលុយ១០០$ លុយខ្មែរ ២០ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណ ១សន្លឹក)។ លើកទី៧. នៅក្រោមស្ពានអាកាសច្បារអំពៅ (លួចស្បែកជើងគេ ម្ចាស់គេចាប់បាន តែអាណិតពេកក៏ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ)។ លើកទី៨. នៅផ្សារជិតវត្តអង្គពោធិ៍ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ (លួចលុយអ្នកលក់សាច់ជ្រូក ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅសង្គមកិច្ច ចំនួន៣ខែ ដើម្បីអប់រំ)។ និងលើកទី៩. លួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះលីហួរ វេលុយ (កើតហេតុខាងលើ) ផ្ទះលេខ៩៤១ ក្រុមទី៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ តែត្រូវម្ចាស់គេទាន់ ចាប់បានប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ នាំយកទៅធ្វើការសាកសួរបន្ត។

បច្ចប្បន្ន ក្រោយពីធ្វើការសាកសួរចម្លើយរួច ជនសង្ស័យដែលសកម្មខាងលួច មិនរាងចាលនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចាប់បញ្ជូនទៅការិយាល័យជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post