header ads

Sponsor

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាប ស្ថិតនៅខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ ដោយគិតពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ ដើម្បីថែទាំ និងត្រួតលក្ខណៈបច្ចេកទេសស្ពាន ហើយផុតរយៈពេលនេះ នឹងដាក់ឲ្យដំណើរការជាធម្មតាឡើងវិញ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ស្ថិតនៅខណ្ឌឬស្សីកែវ នៅតំបន់អភិវឌ្ឍជ្រោយចង្វារស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ១ឆ្នាំមកហើយ។

ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេឱ្យស្របតាមបទដ្ឋានបច្ចេកទេសនោះ រដ្ឋបាលរាជធានីភ្នំពេញត្រូវថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ស្ពានដែកបេឡេនេះ រួមមានគ្រឿងបង្គុំស្ពានផ្នែកខាងលើនិងផ្នែកសសរទម្រស្ពាន។

ក្នុងអំឡុងពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេនេះរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥តទៅ។ផុតរយៈពេលកំណត់ខាងលើស្ពានដែកបេឡេ នឹងដាក់ដំណើរការជាធម្មតាឡើងវិញ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងការធ្វើចរាចរណ៍ដោយធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជា–ជប៉ុនស្ពានជ្រោយចង្វារទី១, ស្ពានមិត្តភាពកម្ពុជា–ចិន(ស្ពានជ្រោយចង្វារទី២) និងស្ពានព្រែកព្នៅក្នុងរយៈពេលនៃការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post