header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីបានរកឃើញពីទង្វើទុច្ចរិតមួយចំនួន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យតុលាការ ធ្វើការចោទប្រកាន់ មកលើមន្រ្តី សាធារណៈចំនួន៥រូប និងលោកឧកញ៉ា សុខ ប៊ុន ជាច្រើនបទល្មើស ទាក់ទងការឃុបឃិតគ្នា រំលោភយកដីរដ្ឋនៅកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញអំពី “ករណីកោះរ៉ុង” ពាក់ព័ន្ធលោកឧកញ៉ា សុខ ប៊ុន និងគូកន៥នាក់ផ្សេងទៀត នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នាទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានថ្លែងថា យើងខ្ញុំស្នើទៅតុលាការ សូមឲ្យចោទប្រកាន់បី បួនមុខ ។ ខ្ញុំសូមរាប់បទល្មើសទាំងនោះ រួមមាន ៖ បទបំផ្លាញដោយចេតនាកេងបំបាត់ដោយទុច្ចរិត,បទរំលោភអំណាច, បទនីតិក្រម, បទក្លែងឯកសារ និងបទប្រើប្រាស់ឯកសារក្លែង” ។

លោកសង្កត់ធ្ងន់ថា ការលក់របស់លោក សុខ ប៊ុន នូវប្លង់ដី ស្របច្បាប់ក្ដី មិនស្របច្បាប់ក្ដី ក៏ជាបទល្មើសសំអាតប្រាក់នៃការពុករលួយដីធ្លីដែរ។ ព្រោះលោក សុខ ប៊ុន បានក្លែងបន្លំឯកសារខុសច្បាប់ជាច្រើន។

សូមបញ្ជាក់ថា លោកឧកញ៉ា សុខ ប៊ុន និងមន្ត្រីសាធារណៈនៅកោះរ៉ុងចំនួន៥នាក់ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី២៤ ខែមិថុនា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរ សង្កាត់កោះរ៉ុងចំនួន៥នាក់ ជាបណ្តោះអាសន្ន ក្រោយរកឃើញថា ឃុបឃិតគ្នា ជាប្រព័ន្ធក្លែងបន្លំឯកសាររំលោភយកដីរដ្ឋដោយខុសច្បាប់នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ កាលពី អំឡុងឆ្នាំ២០១៦ រហូតដល់ ឆ្នាំ២០១៩នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post