ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូម្នាក់ឯង ស្រាប់តែត្រូវរ៉ឺម៉ក់កង់បីខ្មែរ បើកបញ្រ្ចាសទិសដៅចរាចរណ៍ បានបុកម៉ូតូពេញទំហឹង ហើយភ្លាមៗនោះដែរ កង់បីក៏បានបើករត់ចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងែទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ កន ពិសី មានស្រុកកំណើត ឃុំព្រះនិព្វាន ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV- 2720។
តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូពីទិសដៅពីស្តុបត្រឡោកបែក ឆ្ពោះទៅផ្លូវ៥៩៨ លុះមកដល់ចំណុចកើតហេតុ គេឃើញបុរសម្នាក់បើករ៉ឺម៉ក់កង់បី បានបើកបញ្រ្ចាសទិសដៅ មកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលម៉ូតូរងការខូតខាតយ៉ាងដំណំ រីឯម្ចាស់ម៉ូតូដួលបោកក្បាលចំខឿនផ្លូវស្លាប់ភ្លាមៗ ចំណែកម្ចាស់រ៉ឺម៉ក់ក៏បន្ថែមល្បឿន បើកចេញពីកន្លែកើតហេតុដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកត្រួចពិនិត្យ និងធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពទាំងម៉ូតូអោយសាច់ញាតិ ដើម្បីយកធ្វើបុណ្យតាមប្រពៃណីយ៕