
ភ្នំពេញៈ នៅលើបណ្ដាញហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ មានការបង្ហោះរូបភាពចៅអធិការវត្តពោធិ៍ចិនតុង ដេកជាមួយស្រីស្រស់ ហើយថតសែលហ្វី បង្ហាញទឹកមុខស្រស់ប៉ប៉្រឹមនៅមុខកាមេរ៉ា ធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តក្ដៅក្រហាយដេកមិនលក់ ចង់ដឹងរឿងនេះ ថាតើពិត ឬមិនពិត?
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះបានថ្លែងថា ក្រសួងបានចាត់មន្ត្រីអោយបើកការស៊ើបអង្កេតករណីចៅអធិការវត្ត ពោធិ៍ចិនតុងហើយ តើពិតជាមានរឿងបែបនេះ កើតឡើងឬយ៉ាងណានោះ?
ព្រះតេជគុណ វ៉ាន វន្នី ចៅអធិការវត្តពោធិ៍ចិនតុង រាជធានីភ្នំពេញ កំពុងល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបភាពដេកជាមួយស្រី ដែលធ្វើអោយអាប់អោនដល់តម្លៃព្រះពុទ្ធសាសនា។
មហាជនបានរិះគន់យ៉ាងខ្លាំងក្លាជុំវិញបញ្ហានេះ ដែលខ្លួនជាព្រះសង្ឃ មិនគួរប្រព្រឹត្តអំពើអសីលធម៌ បែបនេះសោះ។ នេះមិនមែនជាលើកទី១ ទេ សម្រាប់រឿងរ៉ាវនៃអំពើរបស់សង្ឃទ្រុស្តសីលមួយចំនួន។
លើកនេះ សង្ឃឹមថា ក្រសួងធម្មការ និងសាសនា នឹងមានវិធានការណ៍អោយបានតឹងរឹងបំផុតចំពោះព្រះចៅអធិការវត្តពោធិ៍ចិនតុងរូបនេះ៕

