header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ មិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះទេ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ទាំងស្រវឹងស្រាឡើងទន់ខ្លួន ទៅឈប់ក្រោមដើមឈើ ដេកសន្លប់ស្ដូកស្ដឹង បាត់ស្មារតីឈឹងតែម្នាក់ឯង ត្រូវជនឆ្លៀតឱកាសនាំគ្នាលួច ទូរស័ព្ទយកទៅបាត់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឃើញរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយសង្គ្រោះបឋមដែរ តែនៅសន្លប់មិនដឹងខ្លួនដដែល ទើបកម្លាំងល្បាតហៅកង់បីមកដឹកបញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។

ហេតុការណ៍បានកើតមានឡើង នៅវេលាម៉ោង១១៖០៥នាទីយប់ ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងចក្រដើមស្រល់ (ជិតមជ្ឈមណ្ឌល ម៉ូឌែន២) ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីលោក កឹក បូរិន នាយរងប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា នៅមុនពេលកើតហេតុ អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការយកចិត្តទុកដាក់ណែនាំ ពីលោកអនុសេនីយ៍ឯក វុឌ្ឈ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោមផងនោះ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ  ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់ឲ្យជួយមើលបុរសម្នាក់ ដែលស្រវឹងស្រា ដេកស្ដូកស្ដឹង តែម្នាក់ឯង ក្រោមដើមឈើនោះផង ព្រោះពួកគាត់បានឃើញក្រុមក្មេងស្ទាវ ជិះម៉ូតូមកឈប់ ក្បែររួចលូកយកទូរស័ព្ទរបស់បុរសម្នាក់នោះ យកទៅបាត់ហើយ តែនៅសល់ម៉ូតូរបស់គាត់ ដែលក្រុមក្មេងស្ទាវទាំងនោះ បានជិះត្រលប់មកមើលវិញ តែដោយសារពួកគាត់នៅជួយមើល ទើបក្រុមក្មេងស្ទាវឆ្លៀតឱកាសទាំងនោះ ជិះគេចខ្លួនបាត់ស្រមោលអស់ទៅ។

បើតាមសម្ដីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ខាងលើ មិនដឹងថា ទើបចេញពីផឹកស៊ីនៅកន្លែងណានោះទេ បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-6308 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុខាងលើ ប្រហែលជាស្រវឹងខ្លាំងហើយ ទើបជិះឡើងចិញ្ចើមផ្លូវទៅឈប់ក្រោមដើមឈើ ហើយដេកសន្លប់ស្ដូកស្ដឹងតែម្នាក់ឯង។ មួយសន្ទុះក្រោយមក ស្រាប់តែមានក្រុមជនឆ្លៀតឱកាសជិះម៉ូតូឌុបគ្នា  មកឈប់ក្បែរ ម៉ូតូរបស់បុរសដែលស្រវឹងនោះ ហើយដាស់៣-៤ដងមិនដឹងខ្លួន ខណៈដែលស្ងាត់ទៀតនោះ ក៏លូកហោប៉ៅយកទូរស័ព្ទរបស់គាត់ រួចប្រញាប់ប្រញាល់ជិះគេចចេញទៅបាត់។ ឃើញដូច្នេះ ពួកគាត់ក៏នាំគ្នាដើរទៅមើល ឃើញមានម៉ូតូរបស់គាត់ ដែលក្រុមក្មេងស្ទាវទាំងនោះ បានជិះត្រលប់មកមើលវិញ តែដោយសារមានពួកគាត់នៅឈរមើលទីនោះ ទើបក្រុមក្មេងស្ទាវ ឆ្លៀតឱកាសទាំងនោះ ជិះគេចខ្លួនបាត់ស្រមោលអស់ទៅ ទើបពួកគាត់ រាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយសង្គ្រោះបឋម ដែរ តែនៅសន្លប់មិនដឹងខ្លួនដដែល ទើបកម្លាំងល្បាតហៅកង់បីមកដឹកបញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។

លុះមកដល់មណ្ឌលសុខភាព ស្រាប់តែដាច់ភ្លើង ហើយមានស្ត្រីម្នាក់ទៀត កំពុងឈឺពោះជិតសម្រាលកូន ហើយតែរកពេទ្យប្រចាំការមិនឃើញ ទើបកម្លាំងនាំគ្នាជួយរត់រកពេទ្យ ទាំរាំពេទ្យចេញមក ទាំងសមត្ថកិច្ច ទាំងអ្នកយកព័ត៌មាន ក្រុមគ្រួសារស្ត្រីមានផ្ទៃពោះ នាំគ្នាស្រែកឡើងផ្អើលហើយ បានពេទ្យប្រចាំការចុះមកសួរនាំ រួចប្រញាប់នាំស្ត្រីមានផ្ទៃពោះនោះ ទៅបន្ទប់សម្រាលកូននៅជាន់លើ។

ក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានហៅកង់បីឥណ្ឌាដឹកបុរសដែលស្រវឹងស្រា សន្លប់មិនដឹងខ្លួននោះ  បញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីឲ្យក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពចាក់អង្រែ ធ្វើការជួយសង្គ្រោះសិន ចំណែកម៉ូតូរបស់គាត់ កម្លាំងល្បាតបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិ មកមើលជនរងគ្រោះនិងយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ម៉ូតូ រួចប្រគល់ជូនវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post