
កាលពីពេលថ្មីៗនេះ កំពុងផ្ទុះការរិះគន់ពេញបណ្ដាសង្គមហ្វេសប៊ុក ករណីរឿងគ្លីនិកឯកជនមួយស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា ក្រោមស្លាកឈ្មោះ ហម ឡុង បន្ទប់ពិនិត្យ និងព្យាបាលជំងឺ ក្រោយពីគ្រួសារអ្នកជំងឺម្នាក់មិនសុខចិត្ត និងមានការប្រតិកម្មយ៉ាងខ្លាំង ក្រោយធ្វើការព្យាបាល អ្នកជំងឺគ្រុនឈាមម្នាក់រយៈពេល៩ថ្ងៃ ហើយពេលគិតវិក្កយបត្រអស់ប្រាក់រហូតដល់ទៅ ៥២០០$ ។
តាមរយៈវីដេអូ ព្រោះតែគ្មានប្រាក់គ្រប់ ធ្វើឲ្យម្ដាយអ្នកជំងឺ សុំអង្វរឲ្យជួយលោកគ្រូពេទ្យជួយចុះថ្លៃបន្តិច តែលោកគ្រូពេទ្យមិនព្រម ហើយមានទាំងការប៉ះទង្គិចពាក្យសំដីគ្នាទៀតផង ដោយខណៈពេលគ្រួសារអ្នកជំងឺសុំចុះថ្លៃ តែត្រូវស្ត្រីម្នាក់និយាយខ្លាំងៗថា
«កូនឈឺអស់១០ថ្ងៃពេញមិនមែនបួនប្រាំថ្ងៃទេ ប្រើសុទ្ធតែថ្នាំថ្លៃៗ ស្គាល់ហើយអ្នកខេត្តពេទ្យមើលជំងឺជាហើយកុំចង់ធ្វើបាបពេទ្យ!»
គ្រូពេទ្យបន្ថែមថាប្រើសុទ្ធតែថ្នាំថ្លៃៗ ក្នុងមួយថ្ងៃ៣០០$ ហើយនៅមាន ថ្នាំបន្ថែមផ្សេងៗទៀត ហើយគ្រូពេទ្យបានបន្ថែមទៀតថា
«អ៊ីឯងពេលកូនឈឺដំបូងប្រាប់ថា អស់ប៉ុន្មានអស់ទៅឲ្យតែកូនជា តែពេលកូនជាហើយស្រែកថាអស់ថ្លៃ»។
តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ ខេមរា គូប៉ូតា បានសរសេររៀបរាប់ថា៖ «ដេកពេទ្យ៩ថ្ងៃចេញវិក្កយបត្រ ៥២០០$ ជំងឺគ្រុនឈាម ជួយឲ្យគាត់ល្បីផងបងប្អូនជិតផ្សារឌុយមិច»។



