
កំពង់ឆ្នាំងៈ ប្រហិតសាច់មាន់ និងសាច់ក្រកទម្ងន់៣៦៥០គីឡូក្រាម មិនមានលិខិតអនុញ្ញាតអោយនាំចូល និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំធ្វើការឃាត់ នៅពេលគេកំពុងធ្វើសកម្មភាពដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឆ្ពោះមកភ្នំពេញ ។
ការបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៥ថ្ងៃទី១៣ មិថុនា ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃខ្មែរ ឃុំរលៀប្អៀ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច ស្ថិតក្នុងការបង្ក្រាប បានអោយដឹងថា រថយន្តដឹកប្រហិតខុសច្បាប់ ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-0048 បើកបរដោយឈ្មោះ ពូល វិសាល អាយុ៣៨ឆ្នាំ រស់នៅភូមិអូត្រាវឈូក ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមដំណើរមនុស្សម្នាក់ទៀតឈ្មោះ សាន់ ដេ អាយុ២២ឆ្នាំ រស់នៅបន្ទាយមានជយ័។
សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច បានអោយដឹងថា មុនការបង្ក្រាបសមត្ថកិច្ចបានទទួលព័ត៌មានភា្លមជាក់លាក់ និងបានរាយការណ៍ជូនលោកស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញាធ្វើការឃាត់រថយន្តខាងលើ នាំយកមកស្នងការនគរបាលខេត្តកំពុងឆ្នាំងធ្វើការត្រួតពិនិត្យ។
ក្រោយការបង្ក្រាប នៅព្រឹកថ្ងៃទី១៤ មិថុនា គេឃើញមានការសហការចុះត្រួតពិនិត្យសាខាកាំកុងត្រូល មន្ទីរពាណិជ្ជកម្មខេត្ត សាខាគយ និងរដ្ឋាករខេត្ត និងនគបាលសេដ្ឋកិច្ចខេត្ត ដែលជាម្ចាស់ករណីចូលរួមផងដែរ។ ក្នុងការត្រួតពនិត្យប្រភេទប្រហិតពីប្រភេទមានប្រហិតសាច់មាន់និងសាច់ក្រក (ហដក) ដើម្បីរកសារធាតុហាមឃាត់ ដែលមាននៅក្នុងប្រហិតទាំងពីរមុខខាងលើ តែគេមិនបានឃើញមានសញ្ញាណាមួយមានជាប់នៅសារធាតុហាមឃាត់នៅក្នុងនោះឡើយ នៅពេលដែលបានដឹកចេញពីស្រុកមង្គលបូរី។
ក្នុងការពិសោធន៍លើប្រហិតទាំងពីរមុខមិនបានឃើញមានសារធាតុហាមឃាត់នោះឡើយ គ្រាប់តែក្នុងករណីខាងលើនេះ សមត្ថកិច្ចជំនាញកាំកុងត្រូលបានពិនិត្យឃើញថា ការដឹកជញ្ជូនមិនមានលក្ខណៈបច្ចេកទេស មិនមានឯកសាអនុញ្ញាតក្នុងការនាំចូលអ្វីទាំងអស់។
ក្រោយការត្រួតពិនិត្យមិនឃើញមានសារធាតុហាមឃាត់ សមត្ថកិច្ចបានប្រគលអោយសាខាគយ និងរដ្ឋាករខេត្ត ធ្វើការផាកពិន័យ ទើបឲ្យរថយន្តបន្តដំណើទៅមុខបាន។
សូមបញ្ជាក់ផងដែរថា នេះគឺជាលីកទី២ហើយ ដែលសមត្ថកិច្ចចម្រុះធ្វើការត្រួតពិនិត្យការនាំចូលប្រហិតគ្រប់ភេទ ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុហាមឃាត់ ដែលគេដាក់លាយជាមួយប្រហិតគ្រប់ប្រភេទ ដែលនាំពីប្រទេសជិតខាងយើងនេះ៕


