Sponsor

កំពតៈ ដើម្បីតម្លាភាព និងភាពស្មោះ ក្នុងការបំពេញកិច្ចការងារ ធានាដល់ការទប់ស្កាត់អំពើពុករលួយ សមាជិកក្រុមប្រឹក្សាខេត្ត មានកាតព្វកិច្ចដំបូងតាមផ្លូវច្បាប់របស់កម្ពុជា គឺត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យខ្លួន រយៈពេល៣០ថ្ងៃក្រោយ ថ្ងៃប្រកាសចូលកាន់តំណែងជាកំហិត។

សមាជិកក្រុមប្រឹក្សាខេត្តខេត្តកំពត អាណត្តិទី៣ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេល គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតសមាជិកក្រុមប្រឹក្សាជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា កន្លងទៅនេះ។ ពិធីនេះធ្វើឡើង ក្រោមអធីបតីភាពលោក​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម និងសិប្បកម្ម និង ប្រធានក្រុមការងារផ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកំពត។ ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ មានសមាជិកសរុបចំនួន២៥រូប ស្រី៤រូប ដែលមានលោក​ ជឹង ផល្លា ជាប្រធានក្រុមប្រឹក្សាខេត្ត។

ថ្លែងនៅក្នុងពិធីនោះ លោក ចម ប្រសិទ្ធ បានលើកឡើងថា កាតព្វកិច្ចដំបូង និងតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា សំដៅធានាបាននូវតម្លាភាព សុច្ចរិតភាព ទប់ស្កាត់បាននូវអំពើពុករលួយ សមាជិកក្រុមប្រឹក្សា ត្រូវធ្វើលិខិតឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន បញ្ជូនទៅអង្គភាពប្រឆ្នាំងអំពើរពុករលួយ។ លោក​បន្តថា ប្រការនេះ កន្លងមកក្រសួងមហាផ្ទៃបានធ្វើការណែនាំរួចមកហើយ ហេតុនេះសមាជិកគ្រប់ៗរូប ត្រូវមានម្ចាស់ការ អនុវត្តការងារឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាដែលបានកំណត់។

ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដែលបានជាប់ឆ្នោតឡើងវិញ និងសមាជិក ដែលទើបជាប់ឆ្នោតដំបូងក្នុងអាណត្តិទី៣ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ហើយបញ្ជូនមកអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃប្រកាសចូលកាន់តំណែង។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវបន្តធ្វើ២ឆ្នាំម្តង (ក្នុងករណីសមាជិកចាស់ ប្រកាសទ្រព្យសម្បត្តិ និងបំណុលហើយមិនទាន់គ្រប់ពីរឆ្នាំ មិនបាច់ប្រកាសទេ )។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី​ បានថ្លែងអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពត ឲ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor