ត្បូងឃ្មុំៈ ប្តីប្រពន្ធវ័យក្មេងមួយគូ ឈ្លោះទាស់ទែងគ្នាជាប្រចាំ ព្រោះតែភ្លើងប្រចណ្ឌ រហូតឈានដល់ការប្រើអំពើហិង្សា ដោយប្ដីកាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។
ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខស្នាក់ការគណបក្ស ស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនល្មើសជាប្តី ឈ្មោះ ព្រាប ម៉ាយ អាយុ២៣ឆ្នាំ បានយកកាំបិតកាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
តាមការអះអាងរបស់ឪពុកជនរងគ្រោះ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះ តែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធ ក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះ រហូតឈានដល់ការដេញកាប់សម្លាប់ ដោយមូលហេតុនៃការជម្លោះនេះ បណ្តាលមកពីការប្រចណ្ឌ។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ ពេលនេះសមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦:២០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងវរសេនាតូចគាំទ្រកាំភ្លើងធំ(យោធភូមិ២) ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័នៅចំនុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញឃុំជីរោទី២ស្រុកត្បូងឃ្មុំ ខណៈពេលជនសង្ស័យប្រុងឡើងជិះរថយន្តឈ្នួលទៅខេត្តសៀមរាប។ ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី។