header ads

Sponsor

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនបុរសជនជាតិចិនម្នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធនឹងរំលោភលើសេចក្តីទុកចិត្ត ដោយជួលរថយន្តម៉ាកឡង់គ្រីស័រ១គ្រឿង ពីបុរសជនជាតិចិនដូចគ្នាម្នាក់ទៀត ហើយយកទៅបាត់អស់រយៈពេល៤ឆ្នាំ។

ករណីចាប់ខ្លួននេះ បានធ្វើឡើង  នៅក្នុងហាងបាយស្ថិត នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជនសង្ស័យឈ្មោះ Men Zhihua អាយុ៥២ឆ្នាំ ជាអ្នកទេសចរណ៍ ស្នាក់នៅក្នុងបុរីអាកាសចរណ៍ ស្ថិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ Chen Thai Yuan អាយុ៥៥ឆ្នាំ មុខរបរជាថៅកែរោងចក្រ ស្នាក់នៅផ្ទះលេខA8 ផ្លូវអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះរូបនេះ បានរាប់រាប់នៅក្នុងពាក្យបណ្ដឹងថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ គាត់បានជួលរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រពណ៌សំបកឪឡឹក ស៊េរីឆ្នាំ៩៥ ពាក់ស្លាកលេខភ្នំពេញ 2J-3091 ទៅឲ្យជនសង្ស័យជិះ ក្នុង១ខែ៥០០ដុល្លារ ដោយបានធ្វើកិច្ចសន្យាជាអក្សរខ្មែរត្រឹមត្រូវ។ លុះក្រោយពេលជួលរួច ជនសង្ស័យបានយករថយន្តគេចទៅបាត់ មិនដែលបងប្រាក់ថ្លៃឈ្នួលឡើយ រហូតឆ្នាំ២០១៧ គាត់បានជួបកូនប្រុសជនសង្ស័យ ហើយយុវជននោះបានប្រាប់គាត់ថា រថយន្តខាងលើត្រូវជនសង្ស័យ ជាឪពុកលក់ឲ្យរូបគេដែលជាកូនហើយ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះគាត់មិនដកហូតយករថយន្តនោះវិញឡើយ និងបានតាមស្វែងរកជនសង្ស័យ ជាបន្តបន្ទាប់ប៉ុន្តែមិនជួប រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានប្រទះឃើញជនសង្ស័យ នៅក្នុងហាងបានស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួននាំទៅប្រគល់ឲ្យសមត្ថកិច្ច នាំទៅសាកសួរ និងចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post