ភ្នំពេញៈ ករណីបង្ក្រាបក្លឹបកម្សាន្ដ «លុច្សសារី» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ និងបានឃាត់មនុស្សភាគច្រើនជាជនជាតិចិន និងវៀតណាមជាង៤០០នាក់នោះ មកដល់ពេលនេះ សមត្ថកិច្ចប៉ូលិសរាជធានីភ្នំពេញ បាននឹងកំពុងសុំដីកាចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ត​នេះហើយ។

នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍​ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នាឱកាសដែលលោកអញ្ជើញដឹកនាំកម្មករ កម្មការិនី ជិត២០០០នាក់ ហូបនំបញ្ចុកសាមគ្គីជាតិ ក្នុងបរិវេនវត្តជម្ពូរវ័ន្តខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ «លុច្សសារី» ក្រោយពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបាន កាលពីយប់ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀន និងមានការឃាត់ខ្លួនមនុស្សរហូតដល់ជាង៤០០នាក់។

លោក ឃួង ស្រេង បានបញ្ជាក់ថា “កន្លងទៅអាជ្ញាធរធ្លាប់បានណែនាំជាច្រើនលើក ច្រើនសារហើយ ដល់ម្ចាស់ទីតាំងក្លឹបកម្សាន្ដខាងលើនេះ ប៉ុន្ដែហាក់គ្មានប្រសិទ្ធភាពនោះទេ ពោលគឺ ម្ចាស់ទីតាំងនៅបន្ដបើកដដែល មិនថា ពេលយប់ ឬថ្ងៃនោះទេ ដោយបានបង្កអោយមានការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ជាងនេះទៅទៀត ប៉ុន្មានថ្ងៃមុននេះបានឈានដល់មានករណីបាញ់បោះថែមទៀត ទើបឈានដល់ការបង្ក្រាបតែម្តង ហើយនៅពេលនេះយើងបាននិងកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ម្ចាស់ក្លឹបយកផ្តន្ទាទោសតាមច្បាប់»

ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះ សមត្ថកិច្ចពាក់ព័ន្ធក៏មិនទាន់បានបង្ហាញអំពីអត្ដសញ្ញាណម្ចាស់ទីតាំងក្លឹប «លុច្សសារី» ថាឈ្មោះអ្វី ហើយមានតួនាទីអ្វីនោះទេ។

គួរជម្រាបថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» ដោយបានរកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៤រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រើនជនជាតិចិន និងវៀតណាម។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ។

គួរបញ្ជាក់ទៀតថា ក្លឹបលុច្សសារីដែលមានទីតាំងផ្ទះលេខ៤៦ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះចុះពិនិត្យ និងបិទអាជីវកម្មបណ្ដោះអាសន្ន នាវេលាម៉ោង៧៖ង៣០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ហើយព្រមទាំងដកហូតថ្នាំញៀនជាច្រើនសន្ធឹកសន្ធាប់ផងដែរ មានដូចជា ១ក្រាមពណ៌សថ្លាចំនួន សង្ស័យជាគ្រឿងញៀនចំនួន២៦កញ្ចប់តូច។ ២ សំបកថង់ប្លាស្ទីច ច្រកក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់តូច។ ៣ ម្សៅម៉ត់ពណ៌ដីសង្ស័យជាគ្រឿងញៀនចំនួន១កូនថង់តូច។ ៤ ថ្នាំគ្រាប់ម៉ាកLVចំនួន១១គ្រាប់។ ៥ ថ្នាំគ្រាប់ពណ៌លឿងចំនួន១៨គ្រាប់។ ៦ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១។ ៧ ថ្នាំគ្រាប់ពណ៌ខ្លៅចំនួន០២គ្រាប់។ ៨ ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រចំនួន០៤គ្រាប់។ ៩ ថ្នាំគ្រាប់ម៉ាកហ្វាយពណ៌ក្រហមចំនួន១១គ្រាប់។ ១០ សំបកដបជ័រចំនួន០១។ ១១ សោររថយន្តចំនួន២។ ១២ កាតគ្រីម៉ូតូចំនួន០២។១៣ អត្តសញ្ញាណបណ័ចំនួន០១ ។ ១៤ កែវមានជាប់ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor