header ads

Sponsor

ភ្នំពេញៈ បុរសខ្លាំងម្នាក់ ត្រូវកម្លាំង​នគរបាលខណ្ឌមានជ័យ ចាប់ខ្លួន ក្រោយបង្កការអុកឡុក ស្រែកឡូឡា ដេញវាយនគរបាលចរាចរណ៍ឈរនៅគោលដៅ និងដេញវាយអ្នកកាសែត ខណៈសមត្ថកិច្ចហៅឃាត់រថយន្តឱ្យឈប់សួរនាំ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៩ ៖៤៥នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចភ្លើងស្តុប ច្រមុះជ្រូក ក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពពីនគរបាល បានប្រាប់ឱ្យដឹងថា បុរសខ្លាំងនេះ​ ឈ្មោះ ជួន ច័ន្ទដារី អាយុ៣៤ឆ្នាំ ស្នាក់ នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាល បន្តថា មុនកើតហេតុ បុរសម្នាក់នេះ បើករថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ២AB-៧៦៩១ មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ២៧១ ពីលិចទៅ កើត រ៉េចង្កូតពេញផ្លូវ ដោយខ្លាចក្រែងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬក៏ទៅបុកគេឯងនោះ កម្លាំងនគរបាលចរាចរណ៍ ក៏បានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំស្រាប់តែ បុរសម្នាក់នោះចុះ ពីរថយន្តរបស់គេ រួចនិយាយឆ្កា​ដៃជើងស្រែកឡូឡា ដេញវាយគេឯង មិនតែប៉ុណ្ណោះក៏ដេញ វាយទាំងអ្នកកាសែតថែមទៀតផងដែរ តែមិនបានបង្កឱ្យមានអ្នកណាម្នាក់ រងរបួសឡើយ។

ប្រភពដដែល បន្តទៀតថា ក្នុងពេលនោះដែរ ស្ត្រីជាប្រពន្ធរបស់បុរសខាងលើ ក៏មកដល់ជួយ ហាមឃាត់ និងចាប់រូបគេ កុំឱ្យធ្វើផ្តេសផ្តាសបែបនេះតទៅទៀត ហើយក៏ត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ ចុះមកធ្វើអន្តរាគមន៍ ចាប់ឃាត់ខ្លួនរូបគេភ្លាមៗ តែម្តង យកទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ។

ស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារ បញ្ជាក់ថា “ប្ដីគាត់ គឺជាមនុស្សប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាយូរណាស់មកហើយទំនងជា រូបគេប្រើប្រាស់ថ្នាំញៀនច្រើនពេក ទើបធ្វើឱ្យមានអាការៈបែកថ្នាំ និងធ្វើសកម្មភាពបែបនោះ “។

ក្រោយកម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ ធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ខាងលើ យកទៅធ្វើការ សួរនាំដឹងពីមូលហេតុ រួចហើយ និងមិនបានបង្កឱ្យមានអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះទេ ក្រុមគ្រួសាររបស់គេ ក៏ធ្វើការសុំណូមពរទៅដល់កម្លាំងមានសមត្ថកិច្ច ធ្វើយ៉ាងណាជួយចាប់ បញ្ជូនរូបគេយកទៅកាន់មណ្ឌលកែប្រែ ដើម្បីធ្វើការបន្សាបថ្នាំញៀន។

យ៉ាងណាមិញ បេីតាមលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានអោយដឹងថា ក្រោយពីសុំគោលការណ៍ពីថ្នាក់លេីរួច ជនសង្ស័យ ខាងលេី នេះត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ  ធ្វេីការកសាងសំណុំរឿង  បញ្ជូនទៅកាន់តុលាការ  ចាត់ការតាមផ្លូវច្បាប់តែម្ដង៕ ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post