
សាក្សីឃើញហេតុការណ៍ បានប្រាប់នគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AY-9595 បើកបរដោយជនមិនស្គាល់អត្តសញាណ ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កួតទៅបុកម៉ូតូ១គ្រឿង ម៉ាកឌ្រីម C-125 ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1C-7555 ជិះឌុបគ្នា៣នាក់ ក្នុងទិសដៅផ្ទុយគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង៣ ប៉ើងខ្ទាតចេញពីម៉ូតូជាច្រើនម៉ែត្រ ជនរងគ្រោះពីរនាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។ ចំណែក អ្នកបើកបររថយន្ត ដែលគេសង្ស័យថា ឈ្មោះ គឹម ចេតថាវី មានតួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត បានរត់គេចខ្លួន ដោយបន្សល់ទុករថយន្តបង្កនៅទីនោះ និងមិនទទួលខុសត្រូវ ចំពោះហេតុការណ៍ ដែលបានកើតឡើង។ ជនសរងគ្រោះទាំង៣ គឺជាសិស្សសាលា រស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ច បានដាក់ការសង្ស័យថា អ្នកបើកបររថយន្តបង្ក គឺមានឈ្មោះ គឹម ចេតថាវី ជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ព្រោះរថយន្តបង្កគ្រោះថ្នាក់នេះ គឺជារថយន្តរបស់លោកនាយផ្នែកនរណាក៏ដឹងដែរ។ ហើយមូលហេតុ ដែលបណ្តាលឲ្យបុកជនរងគ្រោះ គឺអាចមកពីស្រវឹងស្រា ព្រោះរថយន្តនេះ បានបើកចេញពីហាងខារ៉ាអូខេ «ផ្កាយមាស» ហើយបើតាមភស្តុតាងរូបភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តខុសទាំងស្រុងតែម្តង។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចនគរបាលជំនាញ នឹងបន្តបើកការស៊ើបអង្កេត និងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ដែរឬយ៉ាងណានោះទេ ហើយបើយោងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជនដែលបានបើកយានយន្តបង្កគ្រោះថ្នាក់សម្លាប់ជីវិតមនុស្ស ហើយមិននៅទទួលខុសត្រូវ នឹងត្រូវមានទោសក្នុងកម្រិតណានោះដែរ?៕




