header ads

Sponsor

ភ្នំពេញៈ តាមការគ្រោងទុក នៅថ្ងៃសុក្រ ទី១៤ មិថុនា ឆ្នាំ២០១៩ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោសលោក ផែង វណ្ណៈ អ្នកលេងហ្វេសបុកដ៏មានចម្រូងចម្រាសម្នាក់ ដោយជាប់បណ្ដឹងជាច្រើននៅតុលាការ។

នៅមុនការកាត់ទោសជាសាធារណៈនេះ ស្រាប់តែលោក ផែង វណ្ណៈ បានធ្វើលិខិតសុំទោសសម្ដេចតេជោ ហ៊ុន សែន និងសុំអោយសម្ដេចមេត្តាករុណាខន្តីអភ័យទោស ចំពោះការឆ្គាំឆ្គងរបស់គាត់នាពេលកន្លងមក ដែលបានប្រើពាក្យសំដីមិនសមរម្យចំពោះថ្នាក់ដឹកនាំ និងអ្នកដទៃទៀត។

កាលពីថ្ងៃទី៣ មេសា ឆ្នាំ ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កឹ ម៉ាណេរ៉ា បានចេញដីកាសម្រេចឃុំខ្លួន លោក ផែង វណ្ណៈ ដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន តាមការចោទប្រកាន់របស់តំណាងអយ្យការ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមនីតិវិធី ។

សេចក្ដីសម្រេចចោទប្រកាន់នេះ បានធ្វើឡើងក្រោយពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមតុលាការ បានសាកសួរលោក ផែង វណ្ណៈ តាំងពីល្ងាចថ្ងៃទី២ មេសា រហូតដល់ពេញមួយព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០១៩ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក  ផែង វណ្ណៈ តាមដីកាបញ្ជារបស់លោក អ៊ុ សុភក្ដិ ព្រះរាជអាជ្ញារងអមតុលាការ។

លោក ផែង វណ្ណៈ ត្រូវបានសមត្ថកិច្ចអាវុធហត្ឋលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោក អ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក គី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការបង្ហើបពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ផែង វណ្ណៈ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភក្តិ បានចេញដីកាបញ្ជាឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈទំព័រ page facebook ដែលមានឈ្មោះ Pheng Vannak News កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ហើយការចេញដីកា បញ្ជាឱ្យចូលខ្លួនបំភ្លឺរបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមេធាវី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺលោក គី តិច បានដាក់ពាក្យប្ដឹងចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដើម្បីប្ដឹងឈ្មោះ ផែង វណ្ណៈ ដោយអះអាងថា ឈ្មោះ ផែង វណ្ណៈ ពិតមានចេតនាទុច្ចរិត ប្រើប្រាស់មធ្យោបាយ ទូរគមនាគមន៍ សោតទស្សន៍របស់ខ្លួន ក្នុងគោលបំណងបរិហារកេរ្តិ៍ជាសាធារណៈ លើសម្ដេចតេជោ ហ៊ុន សែន ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post