header ads

Sponsor

ភ្នំពេញៈ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីជាជនសង្ស័យក្នុងសំណុំរឿងឃាតកម្មសម្លាប់មិត្តភក្តិពន្លះសាច់ជាកង់ៗយកទៅបោះចោលនៅក្នុងទន្លេ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ខ្លួនអោយអយ្យការអមតុលាការចាត់ការតាមច្បាប់។

ជនដៃដល់ឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ចំណែកឯជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ។

បន្ទាប់ពីត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន ស្ត្រីជនសង្ស័យ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០យប់ ជនរងគ្រោះ និងជនសង្ស័យត្រូវជាមិត្តភក្តិនិងគ្នា បានផឹកស៊ីនៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះ បានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយនៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ លុះដល់ព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០ព្រឹក ជនរងគ្រោះបានដឹកកូនជនសង្ស័យយកមកអោយដល់ផ្ទះវិញ ហើយជនរងគ្រោះក៏ទារលុយជនសង្ស័យ ដែលបានជំពាក់ចំនួន700$ តែជនសង្ស័យប្រកែកសុំសងតែ350$ប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនិងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះ ដើម្បីទារលុយព្រមៗគ្នា(ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះ ក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបាន ដើរតាមក្រោយ យកដៃស្តាំច្របាច់កជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ារឹកមាត់ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយក សពដាក់ចូលទូក្លាស្សេឲ្យកករហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹកតែឲ្យប្តី ដែលជាជនជាតិអាមេរិកកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យ យកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិង នៅក្នុងទន្លេ។ រីឯគ្រឿងអលង្កា និងទូរស័ព្ទ បោះចោលក្នុងទន្លេ និងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែក លុយរបស់ជនរងគ្រោះ(លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ50$) ជនសង្ស័យរក្សារទុកនៅ ។

ព្រមជាមួយគ្នាផងដែរ និយាយពីគ្រួសារជនរងគ្រោះ ក្រោយពេលបាត់ជនរងគ្រោះមួយថ្ងៃ កូនស្រីម្នាក់ បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ និងបានអំពាវនាវសុំឲ្យបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយរកម្តាយខ្លួនផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯងចាប់អារម្មណ៍ អាណិតអាសូរគ្រប់គ្នា។

ដំណឹងសួររកម្តាយនេះ ក៏ធ្វើឲ្យមានការចាប់ អារម្មណ៍ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយរក ជនរងគ្រោះដែលបាត់ខ្លួនផងដែរ រហូតយប់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ដែលជាមេបញ្ជាការអាវុធហត្ថខណ្ឌ សហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើស ព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅបំបែក សំណុំរឿងជាក់ច្បាស់ ឃាត់ខ្លួនជនសង្ស័យមកសួរនាំរហូតជនសង្ស័យព្រមសារភាពទទួលកំហុស ដូចបានរៀបរាប់ខាងលើថា ខ្លួនគឺជាឃាតកពិតប្រាកដមែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post