header ads

Sponsor

ភ្នំពេញៈ លោក ហេង សុវណ្ណារ៉ា ដែលបាញ់ប្រហារប៉ងសម្លាប់ពលរដ្ឋនៅក្នុងសង្កាត់ទឹកថ្លា ត្រូវតុលាការចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៣៩២ “ន” ដពស ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ នគរបាល ទីលំនៅផ្ទះលេខ៤៩ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។

ជនត្រូវចោទ ឈ្មោះ ហេង សុវណ្ណារ៉ា ត្រូវតុលាការសម្រេចឃុំខ្លួនពីបទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររំឭកថា ជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីកណ្តាលយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនត្រូវចោទ ធ្វើឡើងបន្ទាប់ពីជនត្រូវចោទបានប្រើប្រាស់ កាំភ្លើង AK ស្វាយបត់ បាញ់ចំនួន១១គ្រាប់ ប៉ុនប៉ងសម្លាប់ ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍បាញ់បោះ កើតឡើង នៅវេលាម៉ោង ម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនត្រូវចោទត្រូវគេឃើញបើករថយន្តម៉ាកហ៊ីយ៉ាន់ ស្តារ៉ិច ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេតុ មើលទៅទំនងជាស្រវឹងផង។ បន្តិចក្រោយមក ជនត្រូវចោទ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរងគ្រោះចំនួន១១គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយធ្វើសកម្មភាពរួច ជនត្រូវចោទ​ បានព្យយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post