header ads

Sponsor

ភ្នំពេញៈ នៅទីបំផុត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន​ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសផលិតករ ផលិតរឿង “ម្ដាយខ្ញុំលក់ខ្ញុំ” ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងបង្គាប់អោយសងដើមបណ្ដឹង២នាក់ ចំនួន៧០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់អោយមានការរើសអើង។ សេចក្ដីសម្រេចនេះ បើកផ្លូវអោយជនត្រូវចោទ ប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

លោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតនៅខាងក្រៅបន្ទប់ប្រកាសសាលក្រមថា លោកនឹងប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចសេចក្ដីនេះ។

រឿងក្ដីទូរទស្សន៍ RT ( Russia today ) ចាក់ផ្សាយភាពយន្ត My mother sold me ត្រូវបានបិទបញ្ចប់ការសាកសួរដេញដោល និងសន្និដ្ឋាន កាលពីព្រលប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ ប៉ុន្តែចៅក្រមជំនុំជម្រះ​បានសម្រេចថានឹងប្រកាសសាលក្រមនៅថ្ងៃទី២៦ មិថុនា។

សវនាការ My mother sold me នាថ្ងៃទី១២ មិថុនា ផ្ដោតសំខាន់លើការសាកសួរសាក្សីសំខាន់ៗ៤នាក់ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណីផង និងជាជនរងគ្រោះផង តាមសំណើរបស់មេធាវីការពារក្ដីអោយជនត្រូវចោទលោក រ៉ាត់ រដ្ឋមុនី ដើម្បីអោយគូភាគីបានតទល់ចម្លើយគ្នាក្នុងសវនាការជាសាធារណៈ។

សាក្សីទី១ គឺលោកនាយកសាលាអន្ទរទេវី លោក នាក់ សុធា បានឆ្លើយថា ក្នុងអំឡុងឆ្នាំ២០១៨ លោក រ៉ាត់ រដ្ឋមុនី បានទៅសុំលោកថតភាពយន្តឯកសារ «ស្ដីពីការរីកចំរើនរបស់ប្រជនជនកម្ពុជាក្រោយរបបប៉ុលពត» ដោយភ្ជាប់ជាមួយនូវលិខិតអនុញ្ញាតរបស់ក្រសួងព័ត៌មានផងដែរ ទើបលោកអនុញ្ញាតអោយក្រុមអ្នកថត មកថតក្នុងសាលាតែម្ដង ប៉ុន្តែលោកមិនបានតាមសង្កេតមើលសកម្មភាពនៃការថតនោះទេ លុះក្រោយមកស្រាប់តែមានការផ្សព្វផ្សាយលើបណ្ដាញហ្វេសបុក ឃើញមានវីដេអូស្ដីពីការលក់កូនស្រី ដែលជាសិស្សសាលាអន្ទរទេវីទៅវិញ។ រឿងនេះធ្វើអោយមានការភ្ញាក់ផ្អើល ដោយការរិះ​គន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ ហើយថ្នាក់លើ បានស្ដីបន្ទោសលោកយ៉ាងខ្លាំងជុំវិញបញ្ហានេះ។

ចំណែកសាក្សីបន្ទាប់ គឺលោកស្រី កែវ ម៉ាឡៃ ជាតួសំដែងដ៏សកម្មម្នាក់ក្នុងរឿង My mother sold me បានឆ្លើយថា នៅអំឡុងឆ្នាំ២០១៨ លោក រ៉ាត់ រដ្ឋមុនី ដែលជាសកម្មជនដឹកនាំការធ្វើកុប្បកម្មដីធ្លីនៅបឹងកក់ បានមកជួបលោកស្រីដល់ផ្ទះជួល ហើយបានលួងលោមលោកស្រី និងកូនស្រីអោយថតខ្សែភាពយន្តរបស់បរទេសមួយ បើសិនអ្នកស្រីថតគេនឹងជួយដោះស្រាយបញ្ហាដីធ្លីនៅបឹងកក់។ ពេលនោះដោយលោកស្រីកំពុងឈឺចាប់ពីបញ្ហាដីធ្លី ក៏យល់ព្រមថតដោយសំដែងតាមការពន្យល់ និងអោយនិយាយតាមនូវពាក្យគ្រប់យ៉ាង ដែលលោក រ៉ាត់ រដ្ឋមុនី បានប្រាប់អោយនិយាយពីបញ្ហាលក់ព្រហ្មចារីកូនស្រី ព្រោះតែដើម្បី​ជីវភាព ហើយអោយលោកស្រីគិតថា គ្រាន់តែជាការសម្ដែង លោកស្រីក៏យល់ព្រមតាមគេទៅ លុះដល់ពេលឃើញវីដេអូ ដែលចាក់ផ្សាយខុសពីការនិយាយនោះស្រឡះ ទើបលោកស្រីសម្រេចចិត្តប្ដឹងលោករ៉ាត់ រដ្ឋមុនី ដោយទាមទារជំងឺចិត្ត១ម៉ឺនដុល្លារ។

សាក្សីបន្ទាប់ គឺកញ្ញា កែវ ស្រីណុច អាយុ១៨ឆ្នាំ ជាសិស្សសាលាអន្ទរទេវី និងជាតួឯកសំដែងក្នុងសាច់រឿងតែម្ដង។ កែវ ស្រីណុច បានឆ្លើយបំភ្លឺតុលាការថា នៅពេលមួយនោះ នាងបានឃើញលោក រ៉ាត់ រដ្ឋមុនី មកទាក់ម្ដាយនាងអោយថតភាពយន្ត ដោយគេសន្យាថា នឹងដោះស្រាយបញ្ហាដីធ្លីនៅបឹងកក់អោយ ហើយតម្រូវអោយនាងដើរតួទៀត។

នាងយល់ថា គ្រាន់តែជាការសម្ដែង មិនឆ្លុះបញ្ចាំងជីវិតពិតរបស់នាង នាងក៏ព្រមតាមម្ដាយនិងលោក រ៉ាត់ រដ្ឋមុនី ថតភាពយន្តនោះ លុះដល់ពេលគេចាក់ផ្សាយ ស្រាប់តែចេញរឿងម្ដាយខ្ញុំលក់ខ្ញុំទៅវិញ ធ្វើអោយនាងខ្មាសគេ ខ្មាសមិត្តភក្តិ រហូតមកដល់ពេលនេះ។ សារសាច់រឿងនេះ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនាង និងក្រុមគ្រួសារ ក៏ដូចជានារីខ្មែរទូទៅ ដែលត្រូវគេបោកបញ្ឆោតបែបនេះ នាងសុំប្ដឹងទាមទារជំងឺចិត្តចំនួន១ម៉ឺនដុល្លារពីឈ្មោះ រ៉ាត់ រដ្ឋមុនី។

រីឯសាក្សីឈ្មោះ លឹម សាលី ក៏បានផ្ដល់ចម្លើយអោយតុលាការប្រហាក់ប្រហែលគ្នានេះដែរ ហើយទាមទារប្រាក់ជំងឺចិត្តចំនួន១ម៉ឺនដុល្លារ។ សាក្សី លឹម សាលី បានបញ្ជាក់ថា ទាំងការនិយាយឆ្លើយឆ្លងគ្នាក្នុងសាច់រឿង និងការនិយាយគ្នាតាំងពីដំបូងមក ឈ្មោះ រ៉ាត់ រដ្ឋមុនី ជាអ្នករៀបចំអោយនិយាយទាំងអស់។ ពេលខ្លះនិយាយខុស គេអោយនិយាយ និងថងឡើងវិញក៏មានដែរ។

គ្រប់ការចោទប្រកាន់នេះ លោក រ៉ាត់ រដ្ឋមុនី បានបដិសេធចោលទាំងអស់ ដោយគាត់បញ្ជាក់ដដែលៗថា តួនាទីរបស់គាត់ គឺបកប្រែភាសា និងសម្របសម្រួលឯកសារអោយក្រុមអ្នកាសែតរុស្ស៊ីប៉ុណ្ណោះ។

ទោះមានការផ្ដល់ចម្លើយល្អៀងគ្នានៅក្នុងសវនាការក៏ដោយ តំណាងអយ្យការលោក វង្ស ប៊ុនវិសុទ្ធ បានធ្វើសេចក្ដីសន្និដ្ឋានបញ្ចាក់អំពីទុច្ចរិតភាពរបស់ជនជាប់ចោទ នៅក្នុងអង្គហេតុ ហើយស្នើអោយចៅក្រមជំនុំជម្រះផ្ដន្ទាទោសលោក រ៉ាត់ រដ្ឋមុនី តាមមាត្រា៤៩៦ បទញុះញង់អោយមានការរើសអើង។

លោក កូយ សៅ ចៅក្រមជំនុំជម្រះ​ក្នុងរឿងក្ដីនេះ បានកំណត់យកថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩វេលាម៉ោង២រសៀល ដើម្បីប្រកាសសាលក្រម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post