header ads

Sponsor

ភ្នំពេញៈ សៀវភៅក្បាច់គុននៃកងយោធ​ពលខេមរភូមិន្ទ គឺជាករណីពិសេសមួយ ពិសេសត្រង់ថា វាមិនគ្រាន់តែជាឯកសារសម្រាប់មកវិញនោះទេ។ ប៉ុន្តែវាខុសពីឯកសារផ្សេងៗទៀតត្រង់ថា នេះគឺជារបស់ខ្មែរសុទ្ធ ជារបស់ដែលបុព្វបុរសខ្មែរយើង បានចងក្រងឡើងតាំងពីមុន ឥឡូវស្រាវជ្រាវរៀបចំចងក្រងឡើងវិញ ដោយកូនខ្មែរសុទ្ធ សមត្ថភាពខ្មែរសុទ្ធ រៀបចំដាក់ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់កងទ័ពខ្មែរសុទ្ធ នឹងត្រូវរៀបចំបណ្ដុះបណ្ដាលហ្វឹកហ្វឺនគ្រូខ្មែរសុទ្ធដល់កងទ័ពខ្មែរសុទ្ធ។ នេះគឺជាមោទនភាពជាតិរបស់យើងហើយ។

នេះប្រសាសន៍លើកឡើង​របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបើកសិក្ខាសាលាប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ កាលពី​ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កងយោធពលខេមរភូមិន្ទ ដោយយើងនឹងចាប់ផ្ដើមដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងរួមគ្នាជីកកកាយ និងរៀបចំចងក្រងឯកសារនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះនៃមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទសម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍បន្តថា សមិទ្ធផលដ៏មានសារៈសំខាន់នេះ បានកើតឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយសម្ដេចធ្លាប់បានប្រកាសជាសាធារណៈក្នុងពិធីបើកកម្មវិធីអង្គរសង្ក្រាន្តក្នុងខេត្តសៀមរាបកន្លងមក ដោយឱ្យក្បាច់គុនបុរាណខ្មែរ ពិសេសគុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិបានបន្តយកចិត្តទុកដាក់ប្រគល់ភារកិច្ចឱ្យយើងទាំងអស់គ្នា រៀបចំបង្កើតក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយធ្វើសំយោគពីក្បាច់គុនបុព្វបុរសខ្មែរ ក្រោមកិច្ចសហការជាមួយសហព័ន្ធយុទ្ធគុនបុរាណខ្មែរទាំងបី គឺសហព័ន្ធកីទ្បាគុនល្បុកតោកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធយុទ្ធក្រមខមកម្ពុជា។

មេបញ្ជាការកងទ័ពជើងគោក គូសបញ្ជាក់ថា ការប្រើប្រាស់ក្បាច់គុនក្នុងជួរកងទ័ពនេះ គឺជាភាពចាំបាច់ និងជាអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗទៀតនៃយុទ្ធសាស្ត្រយោធា។ ទោះបីកងទ័ពមានអាវុធយុទ្ធភណ្ឌទំនើបយ៉ាងណាក៏ដោយ បើយោធិនម្នាក់ៗមានសុខភាពផ្លូវកាយ ឬស្មារតីទន់ជ្រាយ នោះនឹងក៏មិនអាចតស៊ូប្រយុទ្ធដោយប្រើប្រាស់អាវុធទំនើបទាំងនោះបានដែរ។ ផ្ទុយទៅវិញបើយោធិនយើងម្នាក់ៗ មានកាយសម្បទារឹងមាំ មានស្មារតីប្រយុទ្ធមោះមុត និងស្វាហាប់រស់រវើក នោះបានន័យថាកងទ័ពយើងមានសមត្ថភាពពិតប្រាកដប្រកបដោយគុណភាព ដោយអាចពង្រឹងប្រៀបឈ្នះលើគ្រប់សមរភូមិជាក់ជាមិនខាន។ លោកថា ដូចនេះ ការហ្វឹកហាត់ក្បាច់គុន គឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការកសាងគុណភាពផ្លូវកាយ គុណភាពផ្លូវចិត្ត និងយុទ្ធវិធីត្រៀមប្រយុទ្ធ និងប្រយុទ្ធរបស់យោធិនប្រកបដោយលក្ខណៈបច្ចេកទេស និងគុណតម្លៃផ្នែកស្មារតីកម្រិតខ្ពស់។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ខ្មែរយើងមានភ័ព្វវាសនា និងមានមោទនភាពខ្ពង់ខ្ពស់ ដោយសារបុព្វបុរសខ្មែរបានបន្សល់ទុកនូវយុទ្ធគុន យុទ្ធសិល្ប៍ និងយុទ្ធសាស្ត្រសំបូរបែប ដូចមានតឹកតាងបញ្ជាក់តាមរយៈចម្លាក់នៅតាមប្រាង្គប្រាសាទនានា ដើម្បីទុកជាកេរដំណែលឱ្យកូនចៅជំនាន់ក្រោយធ្វើជាអាវុធការពារខ្លូន និងការពារទឹកដីឱ្យបាននៅបន្តគង់វង្សដល់សព្វថ្ងៃ។ យើងទាំងអស់គ្នាសូមគោរពបួងសួងដល់ព្រលឹងបុព្វបុរសដូនតាខ្មែរ សូមបន្តនៅឃុំគ្រងថែរក្សា និងសណ្ឋិតក្នុងខ្លួនយោធិនយើងទាំងអស់គ្នាឱ្យមានភាពអណត់អត់ធ្មត់ព្យាយាមហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទឱ្យសម្រេចបានជោគជ័យ និងមានស្មារតីប្រយុទ្ធមោះមុតអង់អាចក្លាហាន ត្រៀមការពារជាតិប្រជាជន និងទឹកដី ជាពិសេសការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមម្លប់រដ្ឋធម្មនុញ្ញ និងមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post