header ads

Sponsor

បន្ទាយមានជ័យៈ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ មានប្រសាសន៍ថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ សម្រាប់សង្គមមនុស្សជាតិទាំងមូល។ ស្ថានភាពនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន វិវត្តន៍ ស្របតាមចរន្តនៃភាពរីកចម្រើនបច្ចេកវិទ្យា វិទ្យាសាស្រ្ត សង្គម និងសេដ្ឋកិច្ច ដែលនិន្នាការបែបនេះ គឺជាបញ្ហាប្រឈមដ៏លំបាកមួយ សម្រាប់ការអនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា។

ការថ្លែងបែបនេះ ក្នុងឱកាស ដែលនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ "សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព" ដែលប្រារព្ធធ្វើនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ជាមួយនឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង  ដែលយើងបានអនុវត្ត គឺទទួលបានការបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងនោះក៏មានមន្ត្រីយុត្តិធម៌មួយចំនួន ដែលមានបុណ្យសក្តិធំ គឺជាអ្នកនៅពីក្រោយខ្នង សម្រួលដល់ការចរាចរ និងជួញដូរគ្រឿងញៀន កាងបទល្មើស ដើម្បីទទួលបានផលប្រយោជន៍ពីជនទុច្ចរិត ដែលប្រព្រឹត្តបទល្មើស។ ហើយបើសិនជារកឃើញថា មន្ត្រីយុត្តិធម៌ណា ដែលជាអ្នកកាងនៅពីក្រោយខ្នងក្នុងបទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងជាប់ពាក់ព័ន្ធសារធាតុញៀន មិនត្រូវបានលើកលែងទោសឡើយ គឺអនុវត្តទៅតាមច្បាប់យ៉ាម៉ឺងមាត់។

នាយឧត្តមសេនីយ៍ បន្តថា មន្ត្រីយុត្តិធម៌ ដែលនៅពីក្រោយខ្នងនៃការជួញដូរចរាចរគ្រឿង ញៀន ពេលចាប់បានជនល្មើសគ្រឿងញៀន តែងតែធ្វើការកែប្រែវត្ថុតាង និងកែប្រែរបាយការណ៍ ដើម្បីឲ្យជនល្មើសបានសម្រាលទោសជាដើម ដើម្បីបានផលប្រយោជន៍ពីជនល្មើស ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បាន​ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើ​ងតាមបន្ទាត់ព្រំដែន ត្រូវរៀបចំបង្កើតគណៈកម្មាការ ត្រួតពិនិត្យ ដើម្បីទប់ស្កាត់ឲ្យបាននូវការចរាចរគ្រឿងញៀន ដែលហូរចូលមកពីបណ្តាប្រទេសជិតខាង ពិសេសយើងត្រូវបង្កើនកិច្ចសហការគ្នាជាមួយបណ្តាប្រទេសជិតខាង ដើម្បីរួមគ្នាលុបបំបាត់ការចរាចរ និងប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីប្រទេសកម្ពុជាយើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post