header ads

Sponsor

ភ្នំពេញៈ ក្រោយពីមានប្រជាពលរដ្ឋខ្មែរ ត្រូវទាហានថៃបាញ់សម្លាប់ ដោយសារតែលួចចូល កាប់ព្រៃឈើខុសច្បាប់ នាពេលកន្លងមកនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវនាំគ្នាទៅពន្យល់ប្រជាពលរដ្ឋ អំពីបញ្ហាកាប់ព្រៃឈើខុសច្បាប់នៅថៃ ពីព្រោះថៃមានច្បាប់បាញ់សម្លាប់ នៅនឹងកន្លែង ចំពោះជនណា ទៅលួចកាប់ព្រៃឈើខុសច្បាប់ លើទឹកដីរបស់គេ។

ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា នៅតាមតំបន់ព្រំដែន ប្រជាពលរដ្ឋកម្ពុជា-ថៃ មានសិទ្ធិចេញចូលមករកស៊ី ជាមួយគ្នាជារៀងរាល់ថ្ងៃ ប៉ុន្តែអ្វីដែលហាមឃាត់ គឺការឆ្លងដែនខុសច្បាប់ ទៅរកកាប់ឈើនៅថៃ។

សម្ដេច មានប្រសាសន៍ថា ប៉ុន្មានថ្ងៃមុននេះដឹងថា បានចូលទៅក្នុងទឹកដីថៃ៣នាក់ រស់នៅព្រះវិហារទាំងអស់។ អាហ្នឹងធ្វើម៉េចពន្យល់ ប្រជាពលរដ្ឋកុំឲ្យចូល ពីព្រោះថៃមានច្បាប់ចេះ គឺមានច្បាប់កាត់ទោសប្រហារជីវិត ហើយមិនចាំបាច់ដល់តុលាការទេ គឺអ្នកការពារព្រៃរបស់គេមានសិទ្ធិ ដើម្បីបាញ់សម្លាប់ កាលណាអ្នកប៉ះពាល់ព្រៃរបស់គេ” 

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ រំលឹកថា នាពេលកន្លងទៅសម្តេច និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថៃ ក៏បានពិភាក្សាគ្នាផងដែរ ពីបញ្ហានេះ។ ពេលនោះភាគីថៃ ប្រាប់ថា បើចាប់បាន គឺបាញ់សម្លាប់តែម្តង។

ទន្ទឹងនឹងនេះ ជាមួយភាគីឡាវវិញ រដ្ឋមន្ដ្រីមហាផ្ទៃ បានថ្លែងសំណូមពរថា បើចាប់ពលរដ្ឋខ្មែរ ឆ្លងខុសច្បាប់ទៅឡាវ កុំបាញ់សម្លាប់ តែអនុវត្តន៍ទោស ទៅតាមច្បាប់ឡាវទៅ។

សម្តេចបញ្ជាក់ថា ខ្ញុំជួបជាមួយនាយករដ្ឋមន្ដ្រីឡាវ ខ្ញុំស្នើគាត់ថា ព្រោះគាត់អត់មានច្បាប់ដូចថៃទេ (ច្បាប់បាញ់សម្លាប់) បានន័យថា ឡាវចាប់ទៅអនុវត្តតាមច្បាប់។ ប៉ុន្ដែដល់ថៃវិញ គឺត្រូវបាញ់ ចឹងឡាវយើងស្នើទៅគាត់ធ្វើបាន។ ឡាវចាប់ម៉េចចាប់ទៅ កុំតែអនុវត្តសម្លាប់ អាហ្នឹងឡាវធ្វើបាន ។

ដើម្បីការពារធនធានធម្មជាតិ នៅកម្ពុជា ឲ្យបានគង់វង្ស សម្ដេចក្រឡាហោម ស ខេង ក៏បានប្ដេជ្ញាចិត្ត ការពារធនធានធម្មជាតិឲ្យបាន ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានមើល ខណៈនៅខេត្តព្រះវិហារ គឺសម្បូរទៅដោយប្រភពរ៉ែ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post