header ads

Sponsor

បាត់ដំបងៈ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាល សហការណ៍ជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត បានធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ ដែលជាជនដៃដល់ក្នុងករណីសម្លាប់មិត្តភក្តិរបស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យកទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយ នៅក្នុងក្រុមទី១២ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងទឹកស្រះមួយកន្លែង ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន។

ឆ្លងតាមរយៈការពិនិត្យធ្វើកោសល្យវិច័យលើសាកសព និងស្រាវជ្រាវជំហ៊ានដំបូង ទើបដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរមិនពិតប្រាដក និងមានស្លាកស្នាមរបួស នៅផ្នែកក្បាលដោយអន្លើផង។ ជាមួយនឹងការបាត់បង់ជីវិតនេះ ក៏បានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនមួយចំនួន ដូចជាម៉ូតូ និងទូរស័ព្ទផង ដែលជារបស់ជនរងគ្រោះក៏ត្រូវបាត់បង់ ចាប់ផ្តើមពីចំណុចនេះ និងអនុវត្តន៍នូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់រហូតកំណត់ បាននូវមុខសញ្ញាសង្ស័យក្នុងករណីនេះ។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ក្រោយពេលធ្វើការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ធក្នុងករណីនេះ លោកបានសហការណ៍ធ្វើការស្រាវជ្រាវលើភូមិសាស្រ្តស្រុកចំនួន៤ គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យត្រូវបានឃាត់ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួកគេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូតរួចមក។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹងបន្ថែមថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យចំនួន២នាក់នោះ គឺទី១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ទី២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្តភក្តិរបស់ខ្លួនឈ្មោះ ម៉ិល សុខុម ភេទប្រុស កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពេលបបួលមកផឹកស៊ីដើម្បីប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែន ដោយប្រើប្រាស់ញញួរ និងដែកវាយក្បាលសម្លាប់ ហើយសែងទម្លាក់ចូលទឹកស្រះក្នុងភូមិក្បែរកន្លែងកើតហេតុ មុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាន។

ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចនគរបាលដកហូតបាន៖ (ម៉ូតូចំនួន១គ្រឿង ដែលជារបស់ជនរងគ្រោះ គឺម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុង ចំនួន២គ្រឿង បន្ទះស្លាកលេខម៉ូតូចំនួន១ មានលេខ 1X-1539 ព្រមទាំងញញួរដែក និងកាំបិតផង។

បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post